សៀមរាប៖ ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ ហៅកាត់ COMAPA បានរៀបចំសិក្ខាសាលាស្តីពីទឹក និងប្រាសាទ ក្នុងគោលបំណងផ្សាព្វផ្សាយឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទនៅតំបន់អង្គរ បានឈ្វេងយល់បានកាន់តែច្បាស់អំពីទឹកនិងប្រាសាទ។សិក្ខាសាលានេះ បានធ្វើឡើងនៅវត្តប្រាសាទគោកចក ក្រុងសៀមរាប នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥។
ព្រះសច្ចានុបាល នឿម វុទ្ធី លេខាធិការក្រុមប្រឹក្សា COMAPA បានថេរដីកាថា ទឹកជាបរិស្ថានដ៏សំខាន់មួយទៀត ផ្សារភ្ជាប់ខ្លួននឹងអង្គរ ជាមួយព្រៃឈើផងដែរ។ កាលណាគេនិយាយពីអង្គរ គេតែងនឹកដល់បារាយណ៍ខាងលិច ដែលហៅថា បារាយណ៍ទឹកថ្លា ដែលមានទំហំ ៨គមx ២.២គម ជាសំណល់នៃវិស្វកម្មធារាសាស្ត្រ ទុកប្រើប្រាស់ជាពិសេសសម្រាប់ការងារ កសិកម្មរហូតដល់សព្វថ្ងៃ។ បារាយណ៍ខាងជើង ដែលបានរីងស្ងួតទឹកជាង៥០០ឆ្នាំកន្លងមក ក៏ត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលប្រព័ន្ធទឹកបុរាណបញ្ចូលទឹកពេញ ដែលមានប្រាសាទនាគព័ន្ធ នៅចំ កណ្តាលគួរឲ្យចង់គយគន់ក្រៃលែង។ ក្រៅពីនេះ ប្រព័ន្ធផ្លូវទឹកខ្វាត់ខ្វែង កសិណទឹក ស្រះបុរាណ ដែលមាននៅក្នុងឧទ្យានអង្គរ ហាក់ដូចជាសរសៃឈាមនៃរាងកាយរបស់មនុស្សយើងដូច្នោះដែរ។ ជាពិសេស ទឹកក្នុងកសិណជុំវិញប្រាសាទនានា ជាប្រភពទឹកផ្ទុកនូវសំណើមជាប្រចាំ ថែរក្សាគ្រឹះប្រាសាទដែលជាខ្សាច់កុំឲ្យស្ងួតធ្វើឲ្យដួលរលំ ឬទ្រេតប្រាសាទ និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទ។ដូចនេះព្រះសង្ឃនិងពុទ្ធបរិស័ទនៅតំបន់អង្គរត្រូវតែឈ្វេងយល់បានកាន់តែច្បាស់អំពីទឹកនិងប្រាសាទ។
ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធិ តំណាងព្រះប្រធាន COMAPA បានមានថេរដីកាថា បច្ចុប្បន្ននេះ នៅក្នុងតំបន់អង្គរ មានវត្តព្រះពុទ្ធសាសនា និងអាស្រមនានាជិត៤០កន្លែង ភូមិក្នុងឧទ្យានអង្គរបច្ចុប្បន្នមាន១១៣ភូមិ២១ ឃុំ សង្កាត់។ ភូមិទាំងនេះមានប្រជាជនរស់នៅតៗគ្នារាប់ជំនាន់មកហើយ ដែល បានផ្តល់ឱ្យនូវលក្ខណៈពិសេសដល់ឧទ្យានអង្គរឱ្យទៅជាមត៌ករស់។ អ្នកស្រុកទាំងនេះ ត្រូវបានចាត់ទុកថាជាបេតិកភណ្ឌដែរដោយសារអ្នកទាំងនោះបានថែរក្សាបេតិកភណ្ឌអរូបីដែលមានទំនៀមទម្លាប់ប្រពៃណី ពិធីបុណ្យទាន បន់ស្រន់ សាសនា ព្រមទាំងសិប្បកម្ម និងរបៀបរស់នៅប្រចាំថ្ងៃ តាំងពីយូរលង់មកហើយ។ព្រះតេជគុណ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាទឹក ប្រភពទឹក និងប្រាសាទ ឲ្យបានគង់វង្សយូអង្វែង៕






































