កំពង់ចាម៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន បើកកិច្ច
ប្រជុំពិនិត្យវឌ្ឍនាភាពការងារស្ថាបនាផ្លូវជាតិលេខ៧នេះ និងដាក់ផែនការដាំកូនផ្កាលំអតាមដងផ្លូវឲ្យកាន់តែមានភាពស្រស់បំព្រងទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ដើមផ្កាប្រភេទ ដើមជើងគោ ដែលមានជួយសម្របសម្រួលពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ដើម្បីយកដាំលំអតាមដងផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ដល់ក្រុងកំពង់ចាម។ ក្នុងនាមគណបញ្ជាការឯកភាពខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យអាជ្ញាធរមូលដ្ឋានដែលជាប់ដងផ្លូវជាតិលេខ៧នេះ មានស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម ធ្វើយ៉ាងណាផ្សព្វផ្សាយណែនាំដល់អាជ្ញាធរឃុំភូមិឲ្យចូលរួមសហការគ្នាក្នុងការរៀបចំដាំដុះនិងថែរទាំ ដើម្បីបង្កើនភាពស្រស់ស្អាតតាមដងផ្លូវ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ៧ពីពីរគន្លងទៅជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ក៍បានបញ្ជាក់ដែរថា ចំពោះគម្រោងស្ថាបនាផ្លូវជាតិលេខ៧ពីពីរគន្លងទៅជាបួនគន្លងនេះ ក្នុងគម្រោងបានសិក្សាពីគំលាតដាំ និងសិក្សាពីចិញ្ចើមផ្លូវដែលដាំ ដើម្បីកុំឲ្យផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការធ្វើដំណើរផងដែរ ៕






































