កំពង់ចាម: ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ដោយលោក ឃន ប្រុស និងលោក ចាន់ វ៉ាន់ ជាអភិបាលរងខេត្ត និងលោក ជា សិលា
ជានាយករដ្ឋបាលសាលាខេត្តកំពង់ចាម ពិធីនេះត្រូវបានធ្វើ ឡើងនារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម ឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមអបអរសាទចំពោះលោកអភិបាលរងខេត្ត ដែលបានបញ្ចប់អាណត្តិដោយជោគជ័យ ក្នុងនោះ លោក ហាន កុសល ត្រូវបានបន្តភារកិច្ចថ្មីក្នុង ដែនសមត្ថកិច្ចខេត្តកំពង់ធំ និងលោក ហេង វណ្ណនី បន្តភារកិច្ចថ្មីនៅខេត្តបាត់ដំបង ព្រមទាំង ស្វាគមន៍ចំពោះលោកអភិបាលរងខេត្តកំពង់ចាម ចំនួន២រូប និងនាយករដ្ឋបាល សាលាខេត្តដែល ទទួលបានការតែងតាំងថ្មីនេះផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប៊ុន ហុន ក៏បានផ្តាំផ្ញើដល់លោកអភិបាលរងខេត្តទាំង២រូប និងលោក នាយករដ្ឋបាលសាលាខេត្ត ត្រូវយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ប្រកបដោយមនសិការ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌ សង្គម និងការអភិវឌ្ឍ ពោលគឺត្រូវពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយ ប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបាន ទាន់ពេលវេលា ជាពិសេសត្រូវពង្រឹងកិច្ចការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមផងដែរ ៕






































