ភ្នំពេញ ៖ រថយន្តស៊ីលីកាមួយគ្រឿង ពណ៌ក្រហម បើកបរដោយបុរសម្នាក់ស្រវឹងក្នុងស្ថានភាពស្រវឹងជោកជាំបានបើកទៅបុករះម៉ូតូ២គ្រឿងបណ្ដាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់និងស្រាល២នាក់ហើយរថយន្តព្យាយាមបើករត់ប្រហែល១០០ម៉ែត្រទៅមុខលែងរួចព្រោះបែកកង់ខាងមុខ។
គ្រោះថ្នាក់ចរាចរខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី១២ខែមិនាឆ្នាំ២០១៤ ត្រង់ចំណុចលូរទឹកស្អុយ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបដែលបានឃើញហេតុការណ៍នេះបានអោយដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តស៊ីលីកាមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2N-7700 បើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីលិចទៅកើត ដោយបានបើកបរក្នុងល្បឿនលឿនហើយរេពេញផ្លូវនោះ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុកនិងម៉ូតូ២គ្រឿងម៉ាកឌ្រីមសង់C125 ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង 1C-8670 បើកបរដោយយុវជនម្នាក់ដែលកំពុងធ្វើដំណើរស្របគ្នានៅពីមុខរថយន្តនោះក៏ធ្វើអោយរថយន្តបុកពីក្រោយយ៉ាងពេញទំហឹងហើយរថយន្តមិនទាន់អស់ល្បឿនក៏បានបន្តទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ឃ៣៦៥៤ ភព១ មួយគ្រឿងទៀតបណ្ដាលអោយម្ចាស់ម៉ូតូទាំង២រងរបួសធ្ងន់និងស្រាល ហើយរថយន្តបង្កហេតុក៏ព្យាយាមបើករត់ទៅមុខទៀតបានប្រហែលជា១០០ម៉ែត្រទៅមុខលែងរួចព្រោះបែកកង់មុខផ្នែកខាងស្ដាំ ទើបសមត្ថកិច្ចឃាត់រថយន្តបានភ្លាមៗតែម្ដង។បន្ទាប់ពីកើតហេតុជនរងគ្រោះខាងលើត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនដឹកយកទៅមន្ទីរសង្គ្រោះ ហើយចំណែកម៉ូតូទាំង២គ្រឿងវិញបានរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុបានចុះធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កខាងលើយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោករាជធានីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ផងដែរករណីគ្រោះថ្នាក់ចរាចរខាងលើនេះគឺបង្កដោយម្ចាស់រថយន្តបង្កហេតុមានជាតិស្រវឹងក្នុងខ្លួនលើសលុបទើបបង្កអោយមានគ្រោះថ្នាក់បែបនេះតែម្ដង៕