សៀមរាប៖ លោកលី សំរិទ្ធអភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប លោកមានប្រសាសន៍ នៅមុនពេលចាប់ផ្ដើមការប្រណាំងទូកផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃច័ន្ទទី១៤ខែវិច្ឆិកាថារយៈ៣ថ្ងៃ នៃបុណ្យអុំទូកនេះ លោកសង្កេតឃើញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានសំរុកចូលមកទីរួមខេត្តសៀមរាបយ៉ាងច្រើន។
លោក លី សំរិទ្ធ បន្តថាតាមតួលេខ ដែលសរុប១ថ្ងៃមុននិង២ថ្ងៃនៃពិធីបុណ្យអុំទូកគឺមានភ្ញៀវទេសចរណ៍បរទេសប្រមាណ៣ម៉ឺននាក់ និងភ្ញៀវទេសចរណ៍ជាតិប្រមាណ៨ម៉ឺននាក់ បានមកកំសាន្តនៅខេត្តសៀមរាប។ លោក លី សំរិទ្ធយល់ថាភាពពិសេសដែល ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ឱ្យមកទស្សនាខេត្តសៀមរាបពេលនេះ ដោយសារព្រឹត្តិការណ៍បុណ្យផងនិងប្រាសាទបុរាណ ដែលធ្វើឱ្យមានភាពល្បីល្បាញផង។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ឱ្យដឹងថាចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកកំសាន្ត ក្នុងថ្ងៃបុណ្យអុំទូកឆ្នាំនេះ គឺកើនឡើងប្រមាណ៣១% បើប្រៀបធៀបទៅនឹងពិធីបុណ្យអុំទូក កាលពីឆ្នាំ២០១៥។
លោក ង៉ូវ សេងកាក់ សំគាល់ឃើញថាចំនួនភ្ញៀវទេសចរណ៍បរទេសដែលចូលមកខេត្តសៀមរាប រយៈពេល៣ថ្ងៃជាប់គ្នា គឺមានចំនួនពី៧០០០ទៅ៨០០០នាក់ក្នុង១ថ្ងៃៗ។ មូលហេតុដែលចំនួនភ្ញៀវបរទេសកើនឡើងនេះ ដោយសារតែ ទីភ្នាក់ងារទេសចរណ៍ខ្លះបានលក់កញ្ចប់ទេសចរណ៍ភ្ជាប់គ្នាជាមួយនឹងពិធីបុណ្យអុំទូកនេះហើយម្យ៉ាងទៀតវាក៏ដល់រដូវ ដែលភ្ញៀវទេសចរណ៍បរទេសកើនឡើងដែរ។
អាជ្ញាធរខេត្តសៀមរាប ឱ្យដឹងថា ដោយសារតែចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិប្រមាណ១១ម៉ឺននាក់ កំពុងមកលេងកំសាន្ត ពិធីបុណ្យអុំទូក បានរៀបចំកម្លាំងសន្តិសុខរហូតដល់ទៅជាង៥ពាន់នាក់ ដើម្បីការពារនិងធានាសន្ដិសុខខ្ពស់ ដល់ភ្ញៀវទេសចរណ៍ទាំងអស់។ កម្លាំងសន្តិសុខ ទាំងនោះមានប៉ូលីស កងរាជអាវុធហត្ថ ទាហាន ព្រមទាំងប្រជាការពារផង បានដាក់ពង្រាយ នៅតាមដងផ្លូវក្នុងទីក្រុងសៀមរាប៕
ខេង ឧត្តម