បោះឆ្នោត​ប្រធានាធិបតី ខណៈពេល​សង្គ្រាមស៊ីវិល​ឆាបឆេះ​ឥត​ស្រាកស្រាន្ត​

0

​ស៊ី​រីៈ ការបោះឆ្នោត​ប្រធានាធិបតី​ស៊ី​រី បាន​ចាប់​បើក​ធ្វើ​កាលពី​ថ្ងៃ​អង្គារ នៅក្នុង​ពេលដែល​សង្គ្រាម​ស៊ីវិល​កំពុងតែ​ឆាបឆេះ​ឥត​ស្រាកស្រាន្ត ខណៈ​ពលរដ្ឋ​ស៊ី​រី​ប្រមាណ​ជា ១៥​លាន​នាក់ ដែលមាន​សិទ្ធិ​ចេញទៅ​បោះឆ្នោត​។ នេះ​បើតាម​វេ​ប​សាយ​បរទេស​អាល់​ហ្សា​ហ្សី​រ៉ា កាលពី​ថ្ងៃ​អង្គារ​។​ ​នៅក្នុង​ការបោះឆ្នោត​លើក​ទី​១​នេះ ក្នុងប្រទេស​ដែល​កំពុង​ញាំញី​ដោយ​សង្គ្រាមស៊ីវិល​ជាង​៣​ឆ្នាំ​នោះ ការបោះឆ្នោត​នឹង​អាច​ប្រព្រឹត្តទៅ​បានតែ​នៅតាម​តំបន់ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ទាហាន​រដ្ឋាភិបាល​តែប៉ុណ្ណោះ ហើយក៏​មិនអាច​រៀបចំ​ធ្វើ នៅតាម​តំបន់ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​ឧទ្ទាម​បាន​នោះទេ​។

លើសពីនេះ គ្មាន​ការចូលរួម​ពី​ក្រុម​ឧទ្ទាម​នោះឡើយ ហើយ​គេ​រំពឹង​រួចទៅហើយ​ថា លោក​បា​ស្ហា អាល់​អាសាដ នឹងត្រូវ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ជា​បន្តទៀត​។​ ​កាលពី​ថ្ងៃ​ចន្ទ ក្រុម​ឧទ្ទាម​បាន​បាញ់​កាំភ្លើងត្បាល់​ផ្លោង​ដាក់​តំបន់​មួយចំនួន ក៏ដូចជា​បញ្ជាការដ្ឋាន​សន្តិសុខ និង​បណ្តា​លំនៅឋាន​នានា នៅ​ជិត មហាវិទ្យាល័យ the Faculty of Art of the Damascus University បណ្តាល​ឲ្យ​ខូចខាត​ផ្ទះសម្បែង និង​មនុស្ស​រងរបួស​ជាច្រើន និង​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។​

គួរ​បញ្ជាក់ថា ការបោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ គឺជា​ការបោះឆ្នោត​ប្រធានាធិបតី​លើកដំបូង​បង្អស់ នៅក្នុង​ប្រទេស​ស៊ី​រី ក្នុង​រយៈពេល ៥០​ឆ្នាំ​កន្លងទៅនេះ ដែល​អំណាច​ទាំងអស់​ត្រូវបាន​ត្រកូល​របស់លោក​អាសាដ​ជា​អ្នកកាន់កាប់ តាំងពី​ឪពុក បន្ត​មកដល់​កូន​។ លោក​បា​ស្ហា អាល់​អាសាដ បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ស៊ី​រី កាលពី​ឆ្នាំ​២០០០​បន្ត​ពី​លោក ហា​ហ្វេ​ស អាល់​អាសាដ (Hafez al-Assad) ជា​ឪពុក​។​

​កាលពី​ខែមីនា ឆ្នាំ​២០១១ នៅក្នុង​អំឡុង​បដិវត្តន៍​អារ៉ាប់ ប្រជាជន​ស៊ី​រី​បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​មានការ ផ្លាស់ប្តូរ​របប​នយោបាយ ក៏ប៉ុន្តែ ក្រោយពី​ទទួលរង​នូវ​ការបង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​រដ្ឋាភិបាល បាតុកម្មអហិង្សា​នេះ​ក៏បាន​ប្រែក្លាយ​ទៅជា​អំពើ​បះបោរ​ប្រដាប់អាវុធ ហើយ​រាលដាល​ទៅជា​សង្គ្រាមស៊ីវិល រហូតមក​ទល់នឹង​ពេលបច្ចុប្បន្ន​៕syria vote1 syria weapon Syria vote