ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ កាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ មនុស្ស២២នាក់បានបាត់បង់ជីវិត ក្រោយ ពីហេតុការណ៍គ្រោះថ្នាក់អណ្ដូងរ៉ែមួយកន្លែងស្ថិតនៅភាគនីរតីប្រទេសចិន។
កាសែតស៊ីនហួបានរាយការណ៍ថា មនុស្ស២៨នាក់កំពុងបំពេញការងារនៅ អណ្ដូងរ៉ែ Yanshitai ស្ថិតក្នុងតំបន់ Chongqing ហើយស្រាប់តែមាន ហេតុការណ៍ផ្ទុះឧស្ម័នហ្គាសកើតឡើងនៅវេលារសៀលថ្ងៃទី៣ ខែមិថុនាតែម្ដង។
គ្រោះថ្នាក់អណ្ដូងរ៉ែកើតឡើងញឹកញាប់បំផុតនៅប្រទេសចិន ដោយសារតែ ប្រទេសនេះប្រើប្រាស់ធ្យូងថ្មច្រើនជាង គេបំផុតនៅលើពិភពលោក ហើយ ដែលគេពុំសូវយកចិត្ដទុកដាក់ពីច្បាប់ ទម្លាប់ ឬប្រព័ន្ធសុវត្ថិភាពការងារ។
នៅក្នុងខែមេសា មនុស្ស២០នាក់ បាត់បង់ជីវិត នៅពេលដែលអណ្ដូងរ៉ែ មួយស្ថិតនៅភាគនិរតីខេត្ដយ៉ូណាន របស់ចិន ស្រាប់តែត្រូវទឹកជំនន់ភ្លាមៗ បណ្ដាលឱ្យជាប់គាំងកម្មករអណ្ដូងរ៉ែនៅក្នុងនោះ។
របាយការណ៍រដ្ឋាភិបាលស្ដីពីគ្រោះ ថ្នាក់អណ្ដូងរ៉ែក្នុងប្រទេសចិនក្នុងឆ្នាំ ២០១៣បង្ហាញថា គ្រោះថ្នាក់កើតឡើង ទាក់ទងជាមួយអណ្ដូងរ៉ែមានរហូតដល់ ៥៨៩ករណីបណ្ដាលឱ្យបាត់បង់ជីវិត ១,០៤៩នាក់ ឬបាត់ខ្លួន។ ប៉ុន្ដែតួលេខ នេះថយចុះជាង២៤ភាគរយប្រៀបធៀប គ្រោះថ្នាក់ដែលកើតឡើងក្នុងឆ្នាំ២០១២។
អាជ្ញាធរចិនបានពិចារណាបិទអណ្ដូងរ៉ែធុនតូចដែលជាប្រភពនៃគ្រោះថ្នាក់កើត ឡើង៕