អ្នកកាសែតជាច្រើននាក់កំពុងរងនឹងបណ្តឹងពីឈ្មោះ តេង ប៊ុនថុន ស្នងការរងខេត្តរតនគិរី ប្តឹងអ្នកព័ត៌មានពីបទ គំរាមកំហែងហែកកេរ្តិ៍

0

ខេត្តរតនគិរី៖ បន្ទាប់ពីបានទៅបោះឆ្នោតហើយក្នុងថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ក្រុមអ្នកកាសែតជាច្រើនអង្គភាព ដែលធ្លាប់បានចេញផ្សាយលាតត្រដាងនូវរឿងអាស្រូវ របស់លោក

តេង ប៊ុនថុន ស្នងការរងខេត្តរតនគិរី ត្រូវបានលោក សាន ប៊ុនធឿនចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរី ចេញដីកាកោះហៅ ក្នុង(ឋានៈជាសក្សី)ឲ្យចូលទៅបំភ្លឺពីដំណើររឿងបទ គំរាមកំហែងកេរ្តិ៍ នៅថ្ងៃទី១៣ ខែ មិថុនា ២០១៧នេះ នៅសាលាដំបូងខេត្តរតនគិរី ។

សូមរំលឹកថា កាលពីអំឡុងខែមិនា ឆ្នាំ២០១៦ កន្លងទៅ លោកតេង ប៊ុនថុន ស្នងការរងខេត្តរតនគិរី ត្រូវបានស្រ្តីវ័យ ២៧ឆ្នាំ ម្នាក់ឈ្មោះលី ស្រីភាព ជនជាតិខ្មែរកាន់លិខិតឆ្លងដែនN ០០០៩៦២៦៩ នឹងកាន់អត្តសញ្ញាណប័ណ្ណលេខ១៩០៧១៣៧៣៣ មានទីលំនៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ស្ត្រីវ័យក្មេងម្នាក់ធ្លាប់បានអះអាងថា រូបនាងជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់លោកតេង ប៊ុនថុន ស្នងការរងខេត្តរតនគិរី ហើយកាលពីរសៀលថ្ងៃទី ១៧ មិនា ២០១៦ កន្លងទៅ ដោយចោទពីបទលួងលោមឆបោករូបនាង យកទៅរំលោភ ដោយសន្យាផ្តល់ប្រាក់ឲ្យនាងចំនួន៤០០០$យកទៅរករកស៊ី ។ នារីវ័យក្មេងម្នាក់នេះឈ្មោះ លី ស្រីភាព បានទាមទារឲ្យលោកស្នងការរងរូបនេះ ផ្តល់សំណងជំងឺចិត្តចំនួន ១៥០០០$ ( មួយម៉ឺនប្រាំពាន់ដុល្លារសហរដ្ឋអាមេរិច )។

កាលនោះ បើយោងតាមប្រភពបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយចំនួនថា៖ ករណីនេះត្រូវបានលោកស្នងការរងរូបនេះបដិសេធថា ការចោទប្រកាន់របស់នារីខាងលើនេះ ពុំមែនជាការពិតនោះទេ តែសកម្មភាព និងទង្វើដែលនាងបានធ្វើ គឺជាអំពើឆបោកចង់បានប្រាក់របស់លោកតែប៉ុណ្ណោះ ។ នារីវ័យក្មេងឈ្មោះ លី ស្រីភាព បានអះអាងថា លោកតេង ប៊ុនថុនស្នងការរងខេត្តរតនគិរី បានរំលោភបំពានលើរូបរាងកាយរបស់នាងនៅក្នុងអំឡុង ដែលនាងមកបំរើការងារនៅក្នុងផ្ទះរបស់លោកស្នងការរូបនេះ ក្នុងខេត្តរតនគិរី ។

តាមប្រភពពីមន្ត្រីនគរបាលម្នាក់ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានឲ្យដឹងថា ៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ គេឃើញនារីវ័យក្មេងឈ្មោះ លី ស្រីភាព បានចូលមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ។ កាលមកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សរបស់នារីវ័យក្មេងខាងលើនេះ ក្នុងបំណងមកប្តឹងដល់លោកស្នងការរង តេង ប៊ុនថុន ឲ្យសងជំងឺចិត្តជាប្រាក់ចំនួន ៤ពាន់ដុល្លារសហរដ្ឋអាមេរិចថ្នូរនឹងការរំលោភបំពានលើរូបរាងកាយរបស់នាង ក្នុងអំឡុងពេលនាងមកបំរើការងារនៅក្នុងផ្ទះរបស់លោកស្នងការរងម្នាក់នេះ ។

ជុំវិញបញ្ហាខាងលើនេះលោក តេង ប៊ុនថុន ស្នងការរងខេត្តរតនគិរីបានប្រាប់ថា រឿងរ៉ាវខាងលើ លោកមិនបានប្រព្រឹត្តទៅដូចពាក្យចោទប្រកាន់ឡើយ តែស្ត្រីខាងលើនេះបានទូរស័ព្ទទៅលោកថា សុំទារប្រាក់ពីលោកចំនួន ៤ពាន់ដុល្លារសហរដ្ឋអាមេរិច បើសិនជាលោកមិនអោយទេ ស្រ្តីរូបនោះបានគំរាមបង្ហោះរឿងនេះ តាមប្រពន្ធ័សង្គមហ្វេសបុក តែពេលលោកមិនអោយ ស្រាប់តែនាងបង្ហោះមែន ។ លោកបញ្ជាក់ថា ករណីដែលនាងឈ្មោះ លី ស្រីភាព បានទូរស័ព្ទគំហែងលោកទាមទារប្រាក់នេះ លោកបានដាក់ពាក្យបណ្តឹង នឹងចេញដីកាកោះហៅ លើកទី១ ហើយតែនាងមិនទទួលយក ហើយពេលនេះបានចេញដីកាកោះហៅលើកទី២ទៀតហើយ ។
មានអ្នកតាមដានរឿងនេះជាច្រើននាក់ រង់ចាំមើលថាតើ ខាងស្រីជាអ្នកខុស ឬ ខាងប្រុសជាអ្នកខុស ព្រោះរឿងរ៉ាវខាងលើនេះហាក់បីដូចជាប្រកែករកត្រូវតែរៀងៗខ្លួន ហើយមកលាបពណ៌ដាក់អ្នកសារព័ត៌មាន ដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួន ។ ពាក្យស្លោកខ្មែរមួយឃ្លាបានពោលថា (បើគ្មានភ្លើងក៏វាគ្មានផ្សែងនោះដែរ) ៕