ខេត្តព្រះសីហនុ៖ជើងហោះហើរត្រង់ពី ទីក្រុងវ៉ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិនមកខេត្តព្រះសីហនុត្រូវបានបើកសម្ភោធជាផ្លូវការហើយ។
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថាការបើកជើងហោះហើរត្រង់ពីព្រលានយន្តហោះ អន្តរជាតិខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីក្រុងវ៉ូស៊ី ខេត្តជាំងស៊ូ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor AirLine(ស្ដាយ អង្គរ អ៊ែឡាញ់) នេះគឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមដែលបានជួបពិភាក្សាជាមួយឯកឧត្តមអភិបាលខេត្តជាំងស៊ូ លោកអភិបាលក្រុងវ៉ូស៊ី និងលោកអគ្គនាយកក្រុមហ៊ុន ហុងដូគ្រុប ខណៈពេលដែលឯកឧត្តម អភិបាលខេត្តព្រះសីហនុ អញ្ជើញទៅបំពេញ ទស្សនៈកិច្ចជាផ្លូវការនៅខេត្តជាំងស៊ូ នៃសាធារណៈរដ្ឋប្រជាមានិត។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍
បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកជើងហោះហើរត្រង់ពីខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីក្រុងវ៉ូស៊ី ខេត្តជាំងស៊ូនប្រទេសចិន ដែលបានប្រារព្វធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៧។
ការបើកជើងហោះហើរនេះ ស្របពេលជាមួយនឹងការអនុវត្តយុទ្ធសាស្ត្រ”ខ្សែក្រវ៉ាត់មួយផ្លូវមួយ” របស់ប្រធានាធិបតីចិន ស៊ីជិនពីង ក្នុងក្របខ័ណ្ណកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុថ្លែងក្នុងពិធីនេះបញ្ជាក់ថា ដោយឈរលើគោលនយោបាយ
កម្ពុជា និងឆ្លើយតបទៅនិងទឹសដៅអភិវឌ្ឍន៍ ខេត្តព្រះសីហនុ”តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ។
ការបើកជើងហោះហើរទៅមករវាងខេត្តទាំងពីរ គឺជាកាលានុវត្តភាពមួយ
ថ្មីទៀត ស្របតាមកិច្ចសហប្រតិបត្តការលើគ្រប់វិស័យ ទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ ការ
អប់រំសិក្សាធិការ និងវប្បធម៌ អោយកាន់តែល្អប្រសើរ និងផ្ដល់ផលប្រយោជន៍អោយគ្នាទៅវិញទៅមក។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៍បានបញ្ជាក់អោយដឹងទៀតផងដែរថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងធ្វើការអភិវឌ្ឍខេត្តបន្ថែមទៀត ដោយពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធ បង្កើតរមណីយដ្ឋាន បែបទំនើបនិងរៀបចំតំបន់អេកូទេសចរណ៍ ធម្មជាតិ នៅតាមបណ្ដាកោះ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិមកពីគ្រប់តំបន់៕