កំពង់ឆ្នាំង៖ រឿងអាស្រូវមួយក្នុងការសំណើរតែងតាំងស្នងការរងនគរបាលខេត្ត២នាក់ ត្រូវបានមន្ត្រីក្នុងស្នងការដ្ឋាននគរបាលខេត្តជាច្រើននាក់ បានទំលាយអាថកំបាំងអោយអ្នកកាសែតដឹងថា៖ កៅអីតំណែងស្នងការរងទទួលបន្ទុកប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ័ និងស្នងការរងទទួលបន្ទុក ប្រធានការិយាល័យកណ្តាលកិច្ចការងារអន្តោប្រវេសន៍ខេត្ត ត្រូវបានអ្នកចង់បានកៅអីនេះ ចំណាយប្រាក់ជាង១ម៉ឺនដុល្លាក្នុងម្នាក់ ដើម្បីរត់ការយកតំណែងនេះ ជាមួយលោកស្នងការនគរបាលខេត្ត និងនាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលច្រើននាក់ក្នុងស្នងការដ្ឋាននគរបាលខេត្តអោយដឹងទៀតថា៖រឿងដែលពួកគេនឹកស្មានមិនដល់នោះ គឺលោកស្នងនិងលោកស្នងការរងខេត្ត បាននាំគ្នាចុះហត្ថលេខាក្បត់និងសប្បជ្ជញ្ញៈរបស់ខ្លួន លើកំណត់ហេតុវាយតម្លៃក្លែងក្លាយមួយ ដើម្បីដាក់សំណើរនោះសុំទៅថ្នាក់លើ តែងតាំងមនុស្ស២នាក់ដែលចាយលុយចង់បានកៅអីខាងលើនេះ ទោះបីដឹងថាការនាំគ្នាចុះហត្ថលេខានេះជាអំពើខុសច្បាប់ និងក្បត់ថ្នាក់លើខ្លួនឯងក៏ដោយ ក៏គេនៅតែមិនខ្លាចនឹងប្រព្រឹត្តដែរ។
ប្រភពដដែលបានអោយដឹងរឿងមួយទៀតដែលទាក់ទងនិងរឿងខាងលើនេះថា៖ មុនពេល លោក ប្រាក់ វុទ្ធី ស្នងការនគរបាលខេត្តឡើងថ្មី បានទទួលតំណែងនេះ គឺលោកត្រូវបានអ្នកចង់បានតំណែងស្នងការរងទាំង២ និងអ្នកចង់បានកៅអីប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ័កំរិតស្រាលម្នាក់ ជួយចេញលុយរត់ការដំណែងស្នងការអោយ។ ដូច្នេះពេលលោក ប្រាក់ វុទ្ធី បានទទួលតំណែងជាស្នងការនគរបាលខេត្តហើយ គេត្រូវតែសងគុណពួកគេវិញ បើមិនគោរពការសន្យានោះលោក ប្រាក់ វុទ្ធី ក៏ត្រូវគេប្តឹងនិងធ្វើការក៏មិនបានសុខ។
ក្នុងការរួមគ្នាប្រព្រឹត្តអំពើពុករលួយ និងក្លែងក្លាយឯកសារកំណត់វាយតម្លៃសុំតែងតាំងហេតុខាងលើបាននេះបញ្អូនដល់លោក អភិបាលខេត្តកំពង់ឆ្នាំងរួចហើយមិនដឹងថាលោកអភិបាលខេត្តដឹងរឿងនេះឬក៏អត់នោះទេ បន្ទាប់មកនិងត្រូវបញ្ជូនសំណើរក្លែងក្លាយនេះទៅអគ្គស្នងការនគរបាលជាតិសំរេចទៀត។
ទាក់ទងក្នុងរឿងខាងលើនេះ មន្ត្រីក្នុងស្នងការនគរបាលខេត្តស្នើសុំ ស្នើសុំឯកឧត្តមអគ្គស្នងការនគរបាលជាតិ មេត្តាបញ្ជូនអគារធិការកិច្ចចុះមកស្រាវជ្រាវស៊ើបអង្កេតរឿងក្លែងកំណត់ហេតុប្រជុំវាយតម្លៃនេះផង ព្រោះមន្ត្រីនគរបាលខេត្តទាំងអស់គេមិនសប្បាយចិត្តនោះទេ និងស្នើសុំអោយលោកស្នងការខេត្តធ្វើការប្រជុំវាយតម្លៃជាចំហរសារជាថ្មីមិនត្រូវ
លាក់លៀមទេបានទៅអ្នកណាស្នើអ្នកនោះទៅ ព្រោះអ្នកមានសមត្ថភាព និងមានអតីតភាពការងារល្អច្រើនណាស់។ ចំណែកអ្នកទាំង២ដែលលោកស្នងការខេត្តដាក់សំណើរទៅថ្នាក់លើនោះ ម្នាក់គ្មានសមត្ថភាពទេ ម្នាក់ទៀតពាក់សក្តិ៤ ស្នើឡើងផ្លោះទៅសក្តិ៥ ជាស្នងការរង ទទួលកិច្ចការងារអន្តោប្រវេសន៍។
ដោយឡែកអ្នកដែលមានអាយុការងារត្រូវតំឡើងសក្កិវិញនោះ បើគ្មានលុយអោយគេទេនោះដេកចាំទៅ គ្មានអ្នកណាធ្វើសំណើរសុំទៅថ្នាក់លើនោះទេ។ ក្នុងរឿងហេតុដែលមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តអោយអ្នកកាសែតដឹង និងសំណូមពរអោយជួយចុះផ្សាយផងដើម្បីអោយថ្នាក់លើបានដឹង និងជួយអន្តរាគម បោសសំអាតជនពុករលួយពីក្នុងស្នងការអោយអស់ផងនោះ នៅរសៀសថ្ងៃទី១១ ខែមិថុនាឆ្នាំ២០១៤ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ព្រោះទូរសព្ទ័មិនចូល៕