កំពង់ធំៈ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បាននាំយកអំណោយមក ឧបត្ថម្ភចែកជូនដល់ គ្រួសារយោ ធិន ដែលមានជីវភាពខ្វះខាត និងស្វាមីត្រូវបានចាកចេញទៅរៀន ដើម្បីក្រេបយកចំណេះដឹង សម្រាប់ជាមូលដ្ឋានបំរើជាតិ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ ខេត្តកំពង់ធំ បានដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ មកឧបត្ថម្ភនៅថ្ងៃនេះ។
ពិធីចែកអំណោយដល់យោធិន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ខែសីហា ឆ្នាំ ២០១៧ ឯកឧត្ដម ឈុន ឈន់ ប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម សុខលូ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជាអធិបតីភាព ក្នុងការផ្តល់អំណោយដល់គ្រួសារយោធិន ចំនួន២៥ គ្រួសារ ដែលមានទីតាំងស្ថិតនៅភូមិ តាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
ក្រុមគ្រួសារយោធិន ដែលមានជីវភាពខ្វះខាតទាំង២៥គ្រួសារ បានទទួលបានអំណោយក្នុងមួយគ្រួសារ ទទួលបាន អង្ករនាងម៉ិញចំនួន២៥គីឡូក្រាម មីម៉ាម៉ាមួយកេស ត្រីខមួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ឃីដមួយកញ្ចប់ក្នុងនោះមាន ភួយដណ្ដប់មួយ សារុងមួយ ក្រម៉ាមួយ និងមុងមួយ ។
លោក ថនស៊ី សក្តា តំណាងឲ្យគ្រួសារប្រជាពលរដ្ឋដែលជាគ្រួសារយោធិនខ្វះខាតទាំង២៥ គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឈុន ឈន់ និងឯកឧត្តម សុខលូ និងឯកឧត្តម សោម ស៊ុន ដែលជានិច្ចជាកាល តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលជាគ្រួសារយោធិន ។
ឯកឧត្តម សោម ស៊ុន អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានសំណូមពរឲ្យគ្រួសារយោធិន ដែលបានស្នាក់នៅជាមួយគ្រួសារ ទាំងអស់ឲ្យចេះស្រឡាញ់គ្នា សាមគ្គីគ្នា ចេះអធ្យាស្រ័យឲ្យគ្នា រួមគ្នាលើក ទឹកចិត្តឲ្យស្វាមីជាយោធិន ចៀសវាងបង្ករឲ្យមានការបែកបាក់សាមគ្គី បែកធ្លាយព័ត៌មានមិនល្អ និងសូមឲ្យថែរក្សាសុខភាពអានាម័យ ខិតខំព្រៀនប្រដៅកូនចៅឲ្យក្លាយទៅជាមនុស្សល្អ រស់នៅក្នុងសង្គម ។

ក្នុងឳកាសនៃពិធី ឯកឧត្តម សុខលូ បានមានប្រសាសន៍លើកទឹកចិត្តគ្រួសារយោធិន និងបានផ្តាំផ្ញើរឲ្យគ្រួសារយោធិនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬ ភ្លៀង ហាមជ្រកក្រោមដើមឈើ ត្រូវរកទីកន្លែងដែលមានសុវត្ថិភាព ក្នុងនោះដែរបងប្អូនក៏ត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ។
ដោយ ប៊ុន រដ្ឋា



































