Sa Wut រតនគីរី:
ខេត្តរតនគិរី ៖ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើថ្នាក់ជាតិ កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថមូលដ្ឋាន នៅព្រឹកថ្ងៃទី២៦ ខែមករាឆ្នាំ២០១៨នេះ បានចុះបង្ក្រាប និងរឹបអូសឈើសុក្រំ និងឈើឈ្លីកជាច្រើនដុំ ដែលក្រុមឈ្មួញគរលាក់ទុកក្នុងចំការដូងប្រេង ក្បែរក្រុមហ៊ុនអាគ្រីកូ ស្ថិតក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកកូនមុំ ខេត្តរតនគិរី។
លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានប្រាប់សារព័ត៌មានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានសំងាត់ថា មានគំនរឈើលាក់នៅទីតាំងខាងលើនោះ លោកបានសុំយោបល់ថ្នាក់លើ ចុះរឹបអូសជាក់ស្តែងតែម្តង។
មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរីរូបនោះ បន្ថែមឲ្យដឹងថា បន្ទាប់ពីរកឃើញកន្លែងលាក់នេះ លោកនឹងដឹកនាំរុករកកន្លែងផ្សេងទៀត ធ្វើការបង្ក្រាបតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា។
បច្ចុប្បន្នវត្ថុតាងឈើសុក្រំ និងឈើឈ្លីកជាច្រើនដុំខាងលើនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រមូលដឹកយកមករក្សាទុកនៅទីបញ្ជាការកងរាជអាវុធ ខេត្តរតនគិរី ដើម្បីប្រគល់ឲ្យរដ្ឋបាលព្រៃឈើ ចាត់ចែងបន្ត។
យ៉ាងណាក៏ដោយ ចំនួនពិតប្រាកដមិនទាន់ដឹងនៅឡើយទេ ព្រោះមិនទាន់ធ្វើការវាស់វែង៕ យក្ខឡោម