ខេត្តកំពតៈ ក្រោយពីរងគ្រោះដោយសារជំនន់ទឺកភ្លៀងកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៨ ប្រជាពលរដ្ឋជាង៥០០គ្រួសារស្ថិតក្នុងឃុំកណ្តោល និងឃុំព្រៃថ្នង ស្រុកទឹកឈូ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាសាខាខេត្តកំពតនៅព្រឹកថ្ងៃទី ២៣ ខែសីហានេះដើម្បីសម្រាលក្តីលំបាក និងភាពខ្វះខាត ដែលពិធីនេះដឹកនាំដោយឯកឧត្តមជាយ តាយ ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត ។
ក្នុងពិធីផ្តល់អំណោយមនុស្សធម៌ធ្វើឡើងនៅបរិវេណវត្តកំពូលមាស ស្ថិតនៅឃុំកណ្តោល ស្រុក ទឹកឈូ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការកាកបាទក្រហម កម្ពុជាសាខាខេត្តកំពតបានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាតែងតែណែនាំដល់គណៈកម្មាធិការកាកបាទក្រហមកម្ពុជាគ្រប់សាខាខេត្ត-រាជធានីគិតគូរ យកចិត្តទុកដាក់រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទៅ។ ផ្តើមចេញពីការជំរុញ និងក្រើនរំលឹកទាំងនោះ ថ្ងៃនេះ គណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពតបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ មួយចំនួនផ្តល់ជូនបងប្អូនក្រុមគ្រួសារក្រីក្រ ចាស់ជរា ក៏ដូចជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលថ្មីៗ ដើម្បីសម្រាលការលំបាកសម្រាប់រយៈពេលមួយគ្រាខ្លី។ ឯកឧត្តមប្រធានកិត្តិយសសាខា
កាកបាទក្រហមខេត្តកំពតបានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ បញ្ហាអាកាសធាតុតែងប្រែប្រួល ហើយបង្កគ្រោះមហន្តរាយដោយមិនមាននរណាម្នាក់អាចទប់ស្កាត់បានឡើយ។ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា ពិសេស គិតគូរពីបញ្ហាសុខភាពផ្ទាល់ខ្លួន និងកូនចៅ ព្រមទាំងរួតរះដាំដំណាំចម្ការឡើងវិញបន្ទាប់ពីស្រែស្រូវរងការខូចខាតដោយសារទឹកជំនន់នោះ។
លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូបានប្រាប់ឱ្យដឹងថា ក្រោយជំនន់ទឹកភ្លៀងគ្របដណ្តប់ លើឃុំកណ្តោល និងឃុំព្រៃថ្នង ក្រុមការងារបានពិនិត្យឃើញមានការខូចខាតផលប្រយោជន៍ប្រជាពលរដ្ឋមួយចំនួន។ ក្នុងនោះបានបង្កក្តីលំបាកដល់ចាស់ជរា ពលរដ្ឋ
ក្រីក្រ៥២៦គ្រួសារ ទើបគណៈកម្មាធិការកាកបាទ ក្រហមកម្ពុជាសាខាខេត្តកំពតចុះមកសម្រាលការលំបាកដោយផ្តល់ជូនអំណោយ រួមមាន អង្ករមួយបាវ មីមួយកេស ទឹកស៊ីអ៊ីវមួយយួរ ស្ករត្នោតមួយគីឡូក្រាម ទឹកបរិសុទ្ធមួយធុង សាប៊ូពីរដុំ និងថវិកាមួយចំនួន៕



































