ខេត្តកំពង់ឆ្នាំង:នៅរសៀល ថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការរង យោធភូមិភាគពិសេស មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត គន់ គីម អគ្គលេខាធិការ សមាគម
អតីតយុទ្ធជន កម្ពុជា រួមដំណើរដោយក្រុមការងារ ស.អ.ក ខេត្ត មន្រ្តីយោធាខេត្ត កម្លាំងនគរបាលស្រុក កងរាជអាវុធហត្ថស្រុក អាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ បានចុះទៅកាន់ភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើពិធី ប្រគល់ផ្ទះមួយខ្នង ទំហំ ៤មx៦ម ប្រក់ស័ង្កសី សង់ផុតពីដី ជូនដល់គ្រួសារអតីតយុទ្ធជន ឈ្មោះ អ្នក ចយ ជនពិការប្រភេទ ក ថ្នាក់ទី១ (បានពលីហើយ) មានប្រពន្ធ កូនស្រី ជាអ្នកទទូល ស្នាក់នៅ និង មើលថែរក្សា ដែលពេលកន្លងមកពុំមានផ្ទះស្នាក់នៅសមរម្យ (ខ្ទមប្រក់ស្លឹក)។
ក្នុងពិធីនេះដែរ ឯកឧត្តម បាននាំយកនូវថវិកា អង្ករ សម្ភារៈ គ្រឿងបរិភោគ មួយចំនួន ដែលជាអំណោយផ្ទាល់ របស់ឯកឧត្តម និង មួយចំនួនទៀត បានមកពីសប្បុរសជនដែលចូលរួមក្នុងពិធីនេះ ជូនដល់គ្រួសារអតីតផ្ទាល់ដៃតែម្តង។
គាត់មានសេចក្តីសោមនស្សរីករាយក្រៃលែងរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ ដែលទទួលបាននូវផ្ទះនេះ និង សូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ របស់បងប្អូនអតីតយុទ្ធជន គ្រប់ទីកន្លែង និង គ្រប់ពេលវេលា សូមសម្តេចតេជោ ទទួលបាននូវជោគជ័យគ្រប់ភារកិច្ចទាំងអស់ និងបន្តដឹកនាំប្រទេសជាតិ កាន់តែរីកចម្រើនថែមទៀត។



































