ឯកឧត្តម ទី សុគន្ឋ អញ្ជើញបើកសិក្ខាសាលាអន្តរជាតិ ១៤ប្រទេសចូលរួមស្តីពីមូលដ្ឋានគ្រិះកសិកម្ម និងវិទ្យាសាស្រ្តសត្វ ​ខេត្តសៀមរាប

0

សៀមរាប ៖  ឯកឧត្តម ទី សុគន្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានសម្តែងនូវកិច្ចស្វាគមន៍ សោមនស្សរីករាយ និងជាមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអន្តរជាតិ នាពេលនេះ។ ដែលនេះបានបង្ហាញអំពីភាពជាដៃគូរនៃកិច្ចសហប្រតិបត្តិការរវាងគ្នា។ ប្រទេសកម្ពុជានៅតែចាត់ទុកវិស័យកសិកម្មជាវិស័យស្នួលនៃ ខឿនសេដ្ឋកិច្ចជាតិ។

សិក្ខាសាលាស្តីអំពីមូលដ្ឋានគ្រឹៈកសិកម្មនិងវិទ្យាសាស្រ្តសត្វត្រូវបានរៀបចំធ្វើនៅទីរួមខេត្តសៀមរាប ពីថ្ងៃទី២៨ ដល់ ៣០ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ទី សុគន្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប  លោកបណ្ឌិត  ហ្សឹង ហ្សូលី (Sung-soo Lee) ប្រធានវិទ្យាស្ថានជាតិវិទ្យាសាស្រ្តសត្វនៃរដ្ឋបាលជនបទនៃសាធារណៈរដ្ឋកូរ៉េ និង បណ្ឌិត ងូយ៉េន វ៉ានបូ  (Gnoyen Van Bo) ប្រធានគណៈកម្មការស្រាវជ្រាវនិងបណ្តុះបណ្តាល ឧត្តមនៃបណ្ឌិតសភាវៀតណាមផ្នែកវិទ្យាសាស្រ្តកសិកម្ម។

សិក្ខាសាលានេះត្រូវបានគាំទ្រ និងរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងគំនិតផ្តួចផ្តើមស្តីអំពីកិច្ចសហប្រតិបត្តិការស្បៀងនិងកសិកម្មអាស៊ី ហៅកាត់ (អាហ្វាហ្ស៊ី-AFACI) នៃរដ្ឋបាលជនបទនៃសាធារណៈរដ្ឋកូរ៉េ។

សិក្ខាសាលានេះមានគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពការងារ ចែករំលែកព័ត៌មាននិងចំណេះដឹង និងដើម្បីពង្រឹងភាពជាដៃគូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកទាំង១៤ របស់ អាហ្វាហ្សី រួមមាន៖ ប្រទេសកម្ពុជា សាធារណៈរដ្ឋកូរ៉េ គីហ្សីស បង់ក្លាដេស បូតាន ហ្វីលីពីន នេប៉ាល់ មីយ៉ានម៉ា ម៉ុងហ្គោលី     ស្រីលង្កា ថៃ ឡាវ វៀតណាម និងឥណ្ឌូនេស៊ី។

 

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តសៀមរាប បានសម្តែងនូវភាវរកិច្ចស្វាគមន៍ដល់គណៈប្រតិភូ និងភ្ញៀវជាតិ និងអន្តរជាតិក្នុងការរៀបចំសិក្ខាសាលាអន្តរជាតិដ៏មានសារសំខាន់នេះក្រៅពីជាតំបន់ទេសចរណ៍ដែលសំបូរទៅដោយប្រាសាទជាច្រើន ពិសេសប្រាសាទអង្គរវត្តដែលល្បីល្បាយ លើពិភពលោក ខេត្តសៀមរាបក៏ជាខេត្តដែលមានសក្តានុពលក្នុងផលិតកម្មដំណាំបន្លែនិងការចិញ្ចឹមសត្វ ដែលបច្ចុប្បន្នមានកសិដ្ឋានដាំដុះបន្លែសរីរាង្គ និងកសិដ្ឋានចិញ្ចឹមសត្វជាច្រើន។

លោក បណ្ឌិត ហ្សឹង ហ្សូលី ប្រធានវិទ្យាស្ថានជាតិវិទ្យាសាស្រ្តសត្វនៃរដ្ឋបាលជនបទនៃសាធារណៈរដ្ឋកូរ៉េ បានសម្តែងនូវសេចក្តីរីករាយក្នុងការរៀបចំសិក្ខាសាលានៅប្រទេសកម្ពុជា អាហ្វាហ្សី  ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ក្នុងគោលបំណងកែលម្អរផលិតកម្មស្បៀង ពង្រឹងផលិតកម្មកសិកម្មប្រកប​ដោយនិរន្តរភាព និងជំរុញការផ្លាស់ប្តូរបច្ចេកទេសនិងព័ត៌មានរវាងប្រទេសជាសមាជិក ដែលប្រទេសកម្ពុជាគឺជាសមាជិកមួយក្នុងចំណោមសមាជិកដំបូងគេរបស់អាហ្វាហ្សី  សិក្ខាសាលានាពេលនេះពិតជាផ្តល់ឱកាសដល់សមាជិកក្នុងការចែករំលែកលទ្ធផលការងារ និងពិភាក្សាលើផែនការងារសម្រាប់ឆ្នាំបន្ទាប់លើគម្រោងចំនួន២ គឺបច្ចេកទេសកសិកម្មសរីរាង្គ និងធនធានហ្សេនេទិចសត្វ។

 

ឯកឧត្តម ទី សុគន្ឋ បានថ្លែងថា ទិសដៅគោលនយោបាយឆ្នាំ២០១៤-២០១៨ នៃវិស័យកសិកម្មគឺត្រូវជំរុញកំណើនផលិតកម្មកសិកម្មក្នុងរង្វង់៥% វិស័យកសិកម្មបានចូលរួមចំណែកប្រមាណជា ២៤,៩% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលក្នុងនោះ ផ្នែកដំណាំបានចូលរួមចំនួន១៣% ផ្នែកផលិតកម្មសត្វចំនួន២,៦% ផ្នែកជលផលចំនួន៥,៥% និងផ្នែកព្រៃឈើចំនួន១,៦% ជាមោទនភាព កម្ពុជាបានប្រែក្លាយពីប្រទេសដែលខ្វះខាតស្បៀងអាហារ ទៅជាប្រទេសដែលផលិតស្រូវលើសតម្រូវការប្រើប្រាស់ក្នុងស្រុក ហើយជាក់ស្តែងនៅឆ្នាំ២០១៧ អតិរេកស្រូវមានជាង៥,៥លានតោន គិតជាអង្ករស្មើនឹងជាង៣,៥លានតោនសម្រាប់បម្រើការនាំចេញ។

ក្រៅពីផ្នែកដំណាំ ផ្នែកផលិតកម្មសត្វក៏បាននិងកំពុង ដើរតួរយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនវិស័យកសិកម្ម និងការកាត់បន្ថយភាពក្រីក្រនៅជនបទ។ឯកឧត្តមបានបន្ថែមទៀតថា ការចូលរួមពីគម្រោងដៃគូអភិវឌ្ឍន៍គឺជាកម្លាំងចលករមួយជួយជំរុញឱ្យវិស័យកសិកម្មសម្រេចទៅបានតាមទិសដៅកំណត់។ អាហ្វាហ្សី នៃរដ្ឋបាលជនបទនៃសាធារណៈរដ្ឋកូរ៉េបានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាំងពីឆ្នាំ២០០៩ ហើយបច្ចុប្បន្នកម្ពុជាកំពុងអនុវត្តគម្រោងចំនួន៧ដែលគាំទ្រដោយ អាហ្វាហ្សី គឺគម្រោងបណ្តាញព័ត៌មានបច្ចេកទេសកសិកម្ម ធនធានហ្សេនេទិចសត្វ បច្ចេកទេសក្រោយប្រមូលផលដំណាំរួមផ្សំ ការអនុវត្តកសិកម្មល្អ ផលិតកម្មកសិកម្មសរីរាង្គ កសិកម្មចម្រុះគ្រប់គ្រងសមាសភាពចង្រៃ និងការផ្សព្វផ្សាយពូជដំណាំ ជាចុងបញ្ចប់ ឯកឧត្តមបានថ្លែងអំណរគុណ អាហ្វាហ្សី ដែលតែងតែគាំទ្រ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ដោយ  ប៊ុន  រដ្ឋា