មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំចុះត្រួតពិនិត្យទីតាំងសាងសង់អាគារផ្នែកសឹករងសណ្តាន់ និងផ្នែកសឹករងប្រាសាទសំបូរ

0

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរួមទាំងក្រុមការងារ បានអញ្ជើញ ចុះពិនិត្យទីតាំងសម្រាប់សាងសង់អាគារ ផ្នែកសឹករងសណ្តាន់ និងផ្នែកសឹករងប្រាសាទសំបូរ និងបានប្រជុំពង្រឹងវិន័យសណ្តាប់ធ្នាប់ នៃកងយោធពលខេមរភូមិន្ទ ដល់កម្លាំងយោធិននៃទីបញ្ជាការចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨  ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងការិយាល័យជំនាញ បានត្រួតពិនិត្យទីតាំងសម្រាប់សាងសង់គំរូអាគារស្នាក់នៅ ដែលទំហំ ( ៨,៥ម x ២៥ម) និងជាជំនួយរបស់គណៈបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្តល់ជូនអង្គភាព ផ្នែកសឹករង ទាំង ៨ ស្រុក-ក្រុង និងវរសេនាតូចទាំង ២ ចំណុះបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ដោយឡែក នៅទីបញ្ជាការ ផ្នែកសឹករងសណ្តាន់ និង ផ្នែកសឹករងប្រាសាទសំបូរ បានធ្វើការវាយតម្លៃកំណត់ពីទីតាំង ដែលគ្រោងនិងដំណើរការសាងសង់អាគារស្នាក់នៅរបស់កងកម្លាំង ដើម្បីឲ្យស្របទៅនិងការរីកចម្រើនរបស់ប្រទេសជាតិ ដែរកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ  ដូចជា ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ សំណង់អគារ តូច-ធំ ដែលធ្វើឲ្យប្រទេសកម្ពុជាយើងមានមុខមាត់លើឆាកអន្តរជាតិ និងបណ្តាប្រទេសជាច្រើននៅទូទាំងពិភពលោក ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើការផ្តាំផ្ញើរណែនាំឲ្យកងកម្លាំង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងទីបញ្ជាការ ផ្នែកសឹករងសណ្តាន់ និងផ្នែកសឹករងប្រាសាទសំបូរ គោរពវិន័យរក្សាសណ្តាប់ធ្នាប់ រក្សានូវកិត្តិយស់ និងសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ កងទ័ពជាកូនរបស់ប្រជាជន ប្រជាពលរដ្ឋជាឳពុកម្តាយរបស់កងទ័ព ត្រូវចេះជួយយកអាសារ និងទុក្ខធុរៈផ្សេងៗ រក្សាភាពជិតស្និទមាន ការទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងបំរើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្តិភាពឲ្យអស់ពីកម្លាំងចិត្ត កម្លាំងកាយ ។

ក្នុងឳកានសំណេះសំណាលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ពីតួនាទី របស់យោធិន នៃកងយោធពលខេមរភូមិន្ទ គ្រប់រូប មានភារកិច្ច ការពារដាច់ខាតចំពោះ ជាតិ សាសនា និងព្រះមហាក្សត្រ , យោធិនគ្រប់រូប អាចចូលរួមក្នុងការការពារ សន្តិសុខសាធារណៈ និងជាជំនួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ឬមានអាសន្នមហន្តរាយ ផ្សេងៗ , យោធិនគ្រប់រូប ត្រូវគោរពវិន័យយ៉ាងម៉ឺងម៉ាត់ ភក្តីភាព និងហ៊ានធ្វើពលីកម្មនៅគ្រប់ កាលៈទេសៈទាំងអស់ចំពោះជាតិមាតុភូមិ ។

យោធិនអាជីពត្រូវហាមឃាត់ដាច់ខាត មិនយកម៉ោងរដ្ឋបាល ទៅប្រកបវិជ្ជាជីវឯកជន ,មិនយកឥទ្ធិពល និងអំណាចនៅក្នុងមុខងាររបស់ខ្លួន ទៅប្រើដើម្បីជាប្រយោជន៍អ្វីមួយ ឬសំឡុតគំរាមកំហែងបំពានសិទ្ធពលរដ្ឋ ។

– យោធិនអាជីព មិនត្រូវប្រកបមុខរបរណាដែលនៃឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ និងមិនអាចចូលជាសមាជិកក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនលក្ខណៈឯកជនឡើយ ។

ចុងក្រោយ កងកម្លាំងផ្នែកសឹករងសណ្តាន់ និងផ្នែកសឹករងប្រាសាទសំបូរ  បានប្តេជ្ញាចិត្ត ក្នុងការគោរព និងអនុវត្តន៍ យ៉ាងម៉ឺងម៉ាត់ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទ និងប្រសាសន៍ផ្តាំផ្ញើ ណែនាំ និងប្រគល់ភារកិច្ច របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យបានមួយរយភាគរយ ។

ដោយ  ប៊ុន រដ្ឋា