ភ្នំពេញ ៖ នៅវេលាម៉ោង១នឹង ០៥នាទី ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៤ មានករណីប្លន់ ប្រដាប់អាវុធដោយជនចោរប្លន់មានគ្នា៤ ទៅ៥នាក់ ជិះម៉ូតូ ២គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ធ្វើសកម្មភាពបាញ់ចំនួន១គ្រាប់គំរាមប្លន់យកទូរស័ព្ទដៃ និងលុយ ពីស្ត្រី៣នាក់ បាន
សម្រេចនៅចំណុចមុខសាលាទួនហ្វា ផ្លូវលេខ៣១០ កែងផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ហើយក្រុមចោរគេចបាត់អស់ ទើបបានសមត្ថកិច្ចភ្ញាក់ផ្អើលនាំគ្នាជិះម៉ូតូស្វះស្វែង ក្រោយកើតហេតុប៉ុណ្តោះ ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានលើកឡើងថា៖ រាល់ថ្ងៃនេះ នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន មានបទល្មើស ឆក់ ប្លន់ គាស់ផ្ទះ និងលួច ដែលត្រូវបានគេកត់សំគាល់ថា មានច្រើនជាងបណ្តាខណ្ឌផ្សេងៗក្នុងរាជធានីភ្នំពេញ ។ ជាពិសេសនោះភាគច្រើន ឲ្យតែមានករណីប្លន់ គឺសមត្ថកិច្ចនគរបាលខណ្ឌចំការមនមិនដែលចាប់បានក្រុមចោរជាក់ស្តែងម្តងណាឡើយ ។
ជាក់ស្តែងស្ត្រីរងគ្រោះឈ្មោះ នី ជាជនរងគ្រោះដោយអំពើប្លន់ប្រដាប់អាវុធ នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន កាលពីយប់រំលងអាធ្រាត្រកន្លងមកនេះ បាននិយាយរៀបរាប់ថា មុនពេលកើតហេតុរូបនាងបានជិះម៉ូតូ មួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1I 5948 ឌុបមិត្តភ័ក្រចេញពីកន្លែងធ្វើការនៅក្នុងភោជនីយ៍ដ្ឋានទីក្រុងមាស បំណងជូនមិត្តទៅផ្ទះ ប៉ុន្តែពេលជិះដល់ចំណុចមុខសាលាទួនហ្វា ស្រាប់តែមានក្រុមជនសង្ស័យ៤ទៅ ៥នាក់ជិះម៉ូតូ២គ្រឿង មកស្ទាក់ពីមុខ រួចគំរាមមិនឲ្យនាងស្រែកបំណងប្លន់យកម៉ូតូរបស់នាង ប៉ុន្តែនាងស្រែកឆោឡោរហូតដល់ ជនដៃដល់បាញ់មួយគ្រាប់ឡើងទៅលើ ហើយរត់គេចខ្លួនបាត់ស្រមោល ទើបឃើញសមត្ថកិច្ចមកដល់ ។
ជនរងគ្រោះបានឲ្យដឹងថា៖ ក្រោយពេលក្រុមចោរ បានដណ្តើមយកកាបូបស្ពាយពីស្ត្រីរងគ្រោះហើយនោះ ពួកគេនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ភ្លាមៗតែម្តង ឬឯមិត្តភ័ក្ររបស់នាង ២នាក់ ទៀតក្រោយកើតហេតុក៏បាត់ខ្លួនផងដែរ។
ទាក់ទិននឹងករណីប្លន់ប្រដាប់អាវុធយ៉ាងកក្រើកខណ្ឌចំការមននោះ គឺមិនបានឃើញវត្តមានលោក យឹម សាន អធិការខណ្ឌចំការមន រួមជាមួយនឹងអធិការរងណាម្នាក់ចុះដល់កន្លែងកើតហេតុដើម្បីសាកសួរព័ត៌មានពី ជនរងគ្រោះឡើយ គឺឃើញតែមន្ត្រីប៉ុស្តិ៍តូចតាច ចុះមកឈរត្រៀបត្រា មើលមុខគ្នារកដំណោះស្រាយ រាយការណ៍ជូនលោកអធិការតែប៉ុណ្តោះ ។ គួរបញ្ជាក់ផងដែរថា៖ ចំពោះករណីប្លន់ខាងលើស្ត្រីរងគ្រោះសុំមិនដាក់ ពាក្យបណ្តឹងទេ ដោយនាងនិយាយថា៖ នាងមិនចង់ខាតបង់ពេលវេលាដើម្បិឲ្យសមត្ថកិច្ចសួរនាំព័ត៌មានទេ ព្រោះនាងគិតថា សមត្ថកិច្ចមិនមានសមត្ថភាពក្នុងការស្រាវជ្រាវតាមចាប់ក្រុមចោរប្លន់ទាំងនោះ យកមកទ្រព្យ សម្បតិ្តរបស់នាងយកមកប្រគល់ឲ្យនាងបានវិញទេ ។ ប៉ុន្តែដោយសារសមត្ថកិច្ចណែនាំ ទើបនាងសម្រេចទៅ ដាក់ពាក្យបណ្តឹងនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ ដើម្បីជាការបង្គ្រប់កិច្ចឲ្យសមត្ថកិច្ចមូលដ្ឋាន ងាយស្រួលក្នុងការកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើជៀសវាងការស្តីបន្ទោស។
ជុំវិញអំពើប្លន់ដែលកើតឡើងជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រខណ្ឌចំការមននេះ ប្រជាពលរដ្ឋហាក់បីជា មានការភ័យខ្លាច នឹងសន្តិសុខសុវត្ថិភាពរបស់ពួកគាត់ណាស់ ដូច្នេះលោកអធិការខណ្ឌចំការមន យឹន សាន គួរ ណាស់តែពង្រឹងកម្លាំងរបស់ខ្លួន ដាក់គោលដៅយាមនឹងល្បាតនៅត្រង់ចំណុចស្ងាត់ នឹងចំណុចសំខាន់ៗ ដើម្បីការពារ និងពួនស្ទាក់ចាប់ក្រុមចោរដែលតែងធ្វើសកម្មភាពផ្គើន និងសមត្ថកិច្ចខណ្ឌ ដោយពួកគេហាក់បីមិនញញើតជាមួយនឹងកងកម្លាំងសមត្ថកិច្ចខណ្ឌចំការមនណាបន្តិចឡើយ៕