កំពង់ចាម: ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្ត គណនេយ្យភាពសង្គម និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព បេីកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលថ្នាក់ស្រុក ស្តីពីការអនុវត្តន៍ការងារ គណនេយ្យភាពសង្គម ដែលពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី មកពីខេត្តបាត់ដំបង និងខេត្តពោធិសាត់ ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត និង អភិបាលក្រុង-ស្រុកទាំង១០ រួមជាមួយមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា នេះជាលើកដំបូងហើយសម្រាប់ខេត្តកំពង់ចាម ដែលគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការ យុទ្ធសាស្រ្ត គណនេយ្យភាពសង្គម បានពង្រីកខេត្ត ក្នុងគោលដៅអនុវត្តការងារ គណនេយ្យភាពសង្គម សំដៅចូលរួមចំណែក ដល់ការពង្រឹងអភិបាលកិច្ច តាមបែបប្រជាធិតេយ្យ នៅថ្នាក់មូលដ្ឋាន និងបានផ្តោតទៅលើការពង្រឹងភាពជាដៃគូ រវាង រដ្ឋបាលថ្នាក់ខេត្ត ស្រុក ឃុំ ជាមួយប្រជាពលរដ្ឋ។ 
ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ការលើកកម្ពស់នូវសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ និងគណនេយ្យភាពរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ នេះជាគន្លឹះសំខាន់ សំដៅឲ្យការអនុវត្ត កិច្ចដំណើរការ កំណែទម្រង់ ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានប្រសិទ្ធភាព។ ដើម្បីសម្រេចបាននូវកិច្ចការទាំងនេះ តម្រូវឲ្យមានការចូលរួមពីប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដោយផ្ទាល់ និងប្រយោល ដើម្បីធានា ឲ្យបានគណនេយ្យភាពសង្គមយ៉ាងពិតប្រាកដផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្ត គណនេយ្យភាពសង្គម បានថ្លែងថា ការរៀបចំវគ្គសិក្ខាសាលានេះឡើង មិនមែនដេីម្បីចាប់គំហុកគ្នានោះទេ គឺសម្រាប់កែលំអគ្នា ឲ្យកាន់តែប្រសើរឡើង ក្នុងការពង្រឹងប្រសិទ្ធភាព នូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ហើយវគ្គបណ្ដុះបណ្ដាលនេះ ដេីម្បីផ្តល់ចំណេះដឹងថ្មីៗ សម្រាប់យកទៅកែលម្អ និងធ្វើការបណ្ដុះបណ្ដាលបន្ត ទៅរដ្ឋបាលស្រុក និងបន្តទៅរដ្ឋបាលឃុំ សង្កាត់ ដូច្នេះសូមឲ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំស្វែងយល់ ដោយយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញនៃមេរៀននីមួយៗ និងចូលរួមផ្តល់យោបល់ឲ្យបានផុលផុស ទៅតាមប្រធានបទ នៅក្នុងក្រុមពិភាក្សា ដើម្បីក្រេបជញ្ជក់ និងចម្រាញ់យកនូវពុទ្ធិ ចំណុចគន្លឹះសំខាន់ៗ សម្រាប់យកទៅអនុវត្ត ភារកិច្ចនៅខេត្តរៀងៗខ្លួនវិញ ផងដែរ ៕




































