ពិធីជួបជុំមិត្តរួមជំនាន់សិស្សានៅវិទ្យាល័យកំពង់ធំឆ្នាំ១៩៩០ និង១៩៩៣និងរំលឹកគុណលោកគ្រូ អ្នកគ្រូ

0

កំពង់ធំ៖ អតីតសិស្សរួមជំនាន់ សិស្សវិទ្យាល័យកំពង់ធំជាង១០០នាក់ ចាប់ពីឆ្នាំ១៩៩០ដល់១៩៩៣ បានរួបរួមគ្នាប្រារព្វពិធី  រំលឹកគុណលោកគ្រូ អ្នកគ្រូ ដែលជាអ្នកមានគុណទី២ បន្ទាប់ពីឪពុកម្តាយ ដែលបានដឹកដៃពួកគេ ឲ្យឆ្លងស្ពានផុតពីគ្រោះអវិជ្ជា រហូតមកដល់បច្ចុប្បន្ន និងបានធ្វើឲ្យពួកគេមានពន្លឺសុភមង្គល់ ជាម្ចាស់ការខ្លួនឯង រួមទាំងបានដឹកដៃមនុស្ស ជំនាន់ក្រោយឲ្យដើរតាមផ្លូវដែលពួគគេ បានត្រួសត្រាយរួចជាស្រេចក្នុងភាពជោគជ័យនៃជីវិត ។សិស្សទាំងអស់បានប្រារព្វពិធី រំលឹកគុណលោកគ្រូអ្នកគ្រូ និងជួបជុំមិត្តរួមជំនាន់សិស្សានៅវិទ្យាល័យកំពង់ធំឆ្នាំ១៩៩០ និង១៩៩៣ នៅរាត្រីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៩  គឺក្នុងគោលបំណង ឲ្យសិស្សរួមជំនាន់ទាំងអស់ ដឹងគុណលោកគ្រូ អ្នកគ្រូ ដែលប្រៀបបានជាបង ជាឳពុក ជាម្តាយ ដែលតែងតែមានចិត្តសណ្តោសប្រណី ដោយក្តីមេត្តាធម៌ចំពោះសិស្សទាំងអស់ ដែលកន្លងមកលោកគ្រូ អ្នកគ្រូ បានលះបង់ទាំងកំលាំងចិត្តកំលាំងកាយ លះបង់សេចក្តីសុខផ្ទាល់ខ្លួន បើទោះបីជាមានជួបនូវវិបត្តិអ្វីក៏ដោយ លោកគ្រូ អ្នកគ្រូពុំដែលលឺមាត់ និងពោលពាក្យត្អូញត្អែរឡើយ តែបែជាលោកគ្រូ អ្នកគ្រូបានខិតខំបំពេញវិជ្ជាជូនដល់សិស្សទាំងអស់ ដោយក្តីអាណិតនិងស្រឡាញ់ជានិច្ច។ និងគោលបំណងទី២ សិស្សទាំងអស់ តែងតែប្រារព្វពិធីជួបជុំមិត្តសិស្សរួមជំនាន់ជារៀងរាល់ឆ្នាំ គឺជាការរឹត បន្តឹងចំណងសាមគ្គីភាព មិត្តភាព ដើម្បីដឹងពីសុខទុក្ខគ្នាទៅវិញទៅមក ដោយការនឹករលឹកនូវអតីតកាល ដែលពួកគេបានឃ្លាតគ្នាអស់រយះ២៦ឆ្នាំមកហើយ តែចិត្តរបស់ពួកគេ នៅតែនឹករលឹកនូវស្រមោលអតីតកាល និងបានទាញអតីតកាលឲ្យខិតមកជិត ដើម្បីផ្តល់នូវភាពកក់ក្តៅជូនមិត្តសម្លាញ់ និងជាគំរូដ៏ល្អសម្រាប់ ប្អូនៗជំនាន់ក្រោយ យកគំរូតាមរៀមច្បង ។អ្នកគ្រូ ប្រាក់ វីម៉ានី  បានមានប្រសាសន៍ ដោយក្តីរំភើប ប្រកបដោយការសប្បាយរីករាយ ដែលបានឃើញ កូនសិស្សរបស់អ្នកគ្រូទាំងអស់ទទួលបានជោគជ័យក្នុងជីវិត និងក្លាយជាមនុស្សល្អ ជាថ្នាក់ដឹកនាំល្អ ជាអជីវករល្អ ជាប្រជាពលរដ្ឋល្អ និងជាគំរូដល់ប្រជាពលរដ្ឋ ជាពិសេសនោះគឺ អ្នកគ្រូមិនចង់បានអ្វីពីកូនៗឡើយ គឺសុំឲ្យតែចេះស្រឡាញ់គ្នា រួបរួមសាមគ្គីគ្នា ដើម្បីបំរើសង្គមជាតិយើង ឲ្យប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅ អ្នកគ្រូបានបន្តថា រយះពេល២៦ឆ្នាំមកហើយ តែការជួបជុំគ្នាបង្កើតកម្មវិធីសប្បាយរួមគ្នា ប្រៀបដូចជានៅថ្មីៗ នៅតែស្រម័យឃើញនូវអតីតកាលជានិច្ច និងសូមកោតសើរដែលកូនៗ ធ្វើជាគំរូល្អដល់ប្អូនៗ។លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន និងជាសិស្សរួមជំនាន់ បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ដែលតែងតែខិតខំបង្ហាត់បង្រៀន ពួកយើងខ្ញុំទាំងអស់គ្នា ទោះស្ថិតក្នុងរូបភាពណាក៏ដោយ ក៏សូមស្វាគមន៍ លោកគ្រូ អ្នកគ្រូ រហូតបានធ្វើឲ្យសិស្សទាំងអស់ អាចក្លាយខ្លួនទៅជាថ្នាក់ដឹកនាំ ជាអាជីវករ ពាណិជ្ជករ និងអ្នកខ្លះក្លាយទៅជាប្រធានក្រុមហ៊ុន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ទាំងអស់នេះគឺ ជាការជោមជ្រែងរបស់លោកគ្រួអ្នកគ្រូ ទើបពួកយើងខ្ញុំទាំងអស់ បានក្លាយខ្លួនមកដល់ពេលនេះ និងគាំទ្រឲ្យ រៀបចំកម្មវិធីនេះបន្តទៀត ដែលធ្វើឲ្យយើងទាំងអស់គ្នាមានភាពស្និទ្ធស្នាល និងស្វែងយល់ពីទុក្ខលំបាក និង ការជួយគ្នាទៅវិញទៅមក និងជាគំរូដល់ប្អូនៗជំនាន់ក្រោយរបស់យើង ដើម្បីបង្ហាញអំពីភាពសាមគ្គីគ្នា រវាងសិស្សរួមជំនាន់ទាំងអស់ ។
ដោយ ប៊ុន រដ្ឋា