ថ្នាក់ដឹកនាំខេត្តកំពត​ ជិះទូកពិនិត្យមេីលស្ថានភាពជំនន់ទឹកភ្លៀង

0

កំពត;នារសៀលថ្ងៃងថ្ងៃទី១០ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត​ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត និង ឯកឧត្តម​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានដឹកនាំកម្លាំងសមត្ថកិច្ច​ មន្ទីរ​ អង្គភាពជំនាញ​ ក្រុង​ ស្រុក​ ជិះទូកពិនិត្យមេីលស្ថានភាពទឹក​ និងបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង​ នៅតាមបណ្តោយមាត់ព្រែកកំពង់បាយ​ និង ភូមិបឹងព្រះ ឃុំកំពង់គ្រែង ខេត្តកំពត។

ក្នុងដំណេីរត្រួតនិនិត្យអំពីស្ថានភាពទឹកនេះ​ ក្រុមការងាររបស់ខេត្តបាន​ជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ​ ហេីយឯកឧត្តមអភិបាលខេត្ត​ បានពាំនាំមកនូវការផ្តាំផ្ញេីសាកសួសុខទុក្ខ​ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង​។ ឯកឧត្តមបានបញ្ជាក់ថាសម្តេចទាំងទ្វេរតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទោះក្នុងកាលៈទេសៈណាក៏ដោយ​ ដោយមិនទុកអោយបងប្អូនជួបការលំបាកដោយមិនមានការជួយអន្តរាគមន៍ពីអាជ្ញាធរ​ និងសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ឡេីយ។ ឯកឧត្តម​ រួមជាមួយក្រុមការងារបាននាំមកជាមួយនូវគ្រឿងឧបភោគ​ បរិភោគមួយចំនួនដេីម្បីចែកជូនដល់បងប្អូនរងគ្រោះ​ ដេីម្បីជួយសម្រួលនូវទុក្ខលំបាក​ ក្នុងគ្រាជួបគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនេះមានដូចជាមី៦៧កេះ​ ត្រីខ១០០យួរ​ ស្មេី១០០០កំប៉ុង​ និងថវិកា៥០០,០០០៛។ ឯកឧត្តមក៏បានផ្តាំផ្ញេីដល់បងប្អូនត្រូវបង្កេីនការយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព​ ពិសេសរក្សានូវអនាម័យ​ ព្រោះគ្រោះទឹកជំនន់កេីតឡេីងតែងបង្ករអោយមានជាជំងឺអាសន្តរោគផ្សេងៗ​ ហេីយម្យ៉ាងទៀតត្រូវយកចិត្តទុកដាក់ចំពោះក្មេងតូចៗ​ មិនត្រូវបណ្តោយឲ្យលេងទឹក​ ឬនៅឆ្ងាយពីអាណាព្យាបាលឡេីយ។

សូមជម្រាបថា​ ដោយកត្តាអាកាសធាតុក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ​ នៅព្រះរាជាណាចក្រកម្ពុជា​ ទទួលរងនូវឥទ្ធិពលព្យុះ​ ជាបន្តបន្ទាប់​ ក្នុងនោះខេត្តកំពតក៏បានទទួលរងនូវឥទ្ធិពលនៃបាតុភូតធម្មជាតិ​នេះដែរ ដោយបង្ករឲ្យមានភ្លៀងជាប់ៗគ្នា​ បណ្តាលឲ្យកេីតមាននូវជំនន់ទឹកភ្លៀងនៅតាមភូមិសាស្ត្រមួយចំនួនក្នុងខេត្តកំពត។