កំពត ប្រពលរដ្ឋងាយរងគ្រោះមានន ចំនួន២៦៣គ្រួសារ ដែលមកពីបណ្ដាសង្កាត់និងឃុំមួយចំនួន នៃក្រុងកំពតនិងស្រុកទឹកឈូខេត្តកំពត។
នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩
ឯកឧត្ដម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និង សហការី ត្រូវបាននាំយកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ទាំងនោះ ដែលពិធីនេះត្រូវបានធ្វើឡើង នៅវត្តត្រើយកោះក្នុងសង្កាត់ត្រើយកោះក្រុងកំពតខេត្តកំពត។
មានប្រសាសន៍សំណេះសំណាលឯកឧត្តមជាវ តាយ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ទីទ័លក្រ មានជំងឺ ជនចាស់ជរា ជនងាយរងគ្រោះនិង ជនរងគ្រោះដោយរងគ្រោះមហន្តរាយផ្សេងៗ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
ឯកឧត្ដម ជាវតាយក៏បានបន្តលើកឡើងថា៖កាកបាទក្រហមកម្ពុជាក្នុងនាមជាស្ថាប័នជំនួយការអោយអាជ្ញាធរសាធារណៈគឺតែងតែបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្តក្នុងសកម្មភាពមនុស្សធម៌ពោលគឺទីណាប្រជាជនមានទុកលំបាកទីនោះតែងតែមានកាកបាទក្រហមជួយដោះស្រាយជានិច្ច ដោយមិនបានទុកចោលអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់អោយអត់ស្បៀងអាហារឡើយ។
ឯកឧត្ដម ជាវ តាយក៏បានលើកបញ្ជាក់ថា បើទោះបី អំណោយសម្ភារៈ ស្បៀងអាហារទាំងនេះមិនឆ្លើយតបគ្រប់គ្រាន់តម្រូវការបងប្អូនប្រជាពលរដ្ឋនាពេលនេះពិតមែន ប៉ុន្តែអំណោយទាំងនេះគឺជាការជួយសំរាលដោះទុក្ខលំបាកខ្វះខាតរបស់បងប្អូនបានមួយរយៈផងដែរ។ ដូច្នេះ ឯកឧត្ដម ជាវ តាយក៏បានសំណូមពរផ្ដាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋ ត្រូវតែខិតខំយកចិតទុកដាក់បន្តនូវការប្រកបមុខរបរពិសេសការដាំដំណាំចិញ្ចឹមសត្វរួមផ្សំផ្សេងៗដើម្បីបានមកផ្គត់ផ្គង់ទ្រទ្រង់បង្កើនជីវភាពគ្រួសារអោយបានកាន់តែល្អប្រសើរឡើង និងក៏ត្រូវតែយកចិត្តទុកដាក់ផងដែរគឺត្រវតែមានការរស់នៅប្រកបដោយអនាម័យល្អហូបស្អាតផឹកស្អាតហើយត្រូវតែដេកក្នុងមុងជានិច្ច ដើម្បីបង្ការនូវជម្ងឺផ្សេងៗ។
អំណោយដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋទាំង២៦៣គ្រួសារនាឱកាសនោះរួមមានក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ស្ករសរ១គីឡូក្រាម ក្រមា១ សារុង១ មុង១ ភួយ១កៅស៊ូតង់១ដុំ និង ថវិកាមួយចំនួនផងដែរ។
តមកជាមួយឱកាសនោះដែរឯកឧត្ដម ជាវ តាយរួមនិងសហការីក៏បានអញ្ជើញចូលរួមពិធីទទួលនូវអំណោយទេយ្យទានដ៏សប្បុរសធម៌ពីព្រះសង្ឃតាមបណ្ដាវត្តនានាក្នុងក្រុងកំពតតាមរយៈការគៀរគរបស់ព្រះតេជគុណស៉ឹម ពនព្រះអនុគណក្រុងកំពតនិងជាចៅអធិការវត្តត្រើយកោះដើម្បីរួមចំណែកសកម្មភាពមនុស្សធម៌ ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត។ មានសង្ឃដិកានាឱកាសនោះព្រះតេជគុណស៉ឹម ពនពបានមានសង្ឃដិកាបញ្ជាក់ថា៖ អំណោយដែលប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្តកំពតពេលនេះគឺបានមកពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទដែលបានប្រគេនព្រះសង្ឃហើយដើម្បីរួមចំណែកដល់ការងារមនុស្សធម៌អោយបានកាន់តែប្រសើរឡើងថែមទៀតនោះទើបនៅពេលនេះគឺព្រះសង្ឃបានធ្វើការចែករំលែកបែងចែកប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្តសម្រាប់យកទៅបម្រើអោយសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋខ្វះខាតក្នុងខេត្តផងដែរ។ ឯកឧត្តមជាវ តាយ ក្នុងនាមកាកបាទក្រហមកម្ពុជា បានកោតសរសើរថ្លែងអំណរគុណចំពោះទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធរបស់ព្រះសង្ឃ ពិសេសព្រះតេជគុណស៉ឹម ពនព្រះអនុគណក្រុងកំពត ដែលតែងតែបានរួមចំណែកជាមួយសកម្មភាពកាកបាទក្រហមកម្ពុជាខេត្តដើម្បីជួយដល់ជនរងគ្រោះនិងងាយរងគ្រោះក្នុងខេត្តកន្លងមក។
ទេយ្យទាន ដែលបានប្រគល់ជូនសាខាកាកបាទក្រហមខេត្តនាពេលនោះរួមមានអង្ករ ២៥បាវស្មើ១២៥០គីឡូ មី៤០កេស ទឹកត្រី ទឹកស៉ីអ៉ីវ៤០យួរ ស្ករស៥០គីឡូ ទឹកដោះគោខាប់៥០កំប៉ុង ទឹកក្រូច ៥០កេស និងថវិកា២លានរៀល។



































