កំពង់ចាម: អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង គឺលោក ច្រឹង ខ្មៅ ត្រូវបានប្រកាសចូលកាន់តំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម ដោយ ព្រះ រាជអាជ្ញា លោក ហួត វុទ្ធី ត្រូវ បាន ផ្លាស់ទៅកាន់មុខតំណែងថ្មី ជាអគ្គព្រះរាជអាជ្ញា នៃអាយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ដែលពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ក្រោម វត្តមាន លោកព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ។
បន្ទាប់ពីពិធីប្រគល់ត្រា និងការប្ដេជ្ញាចិត្តរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម អភិបាលរងខេត្តកំពង់ចាម ឯកឧត្តម ហេង វណ្ណនី បានថ្លែងថា ជួសមុខឲ្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកសូមសំដែងការកោតសរសើរចំពោះលោកហួត វុទ្ធី ដែលទើបតែដូរទៅកាន់តំណែងថ្មី ដែលកន្លងមកបានខិតខំបំពេញការងារយ៉ាងល្អនៅក្នុងមុខតំណែង ជាព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយបានចូលរួមសហការយ៉ាងល្អជាមួយនឹងរដ្ឋបាលខេត្ត មន្ទីរអង្គភាព អាជ្ញាធរ ពាក់ព័ន្ធ អនុវត្តកិច្ចការរបស់ខ្លួនប្រកបដោយភាពជោគជ័យ គ្រប់បុព្វហេតុផ្ដល់នូវសេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក្នុងទឹកដីខេត្តកំពង់ចាម ។ ទោះជា យ៉ាងណា អង្គភាពអាយ្យការអម សាលាដំបូងខេត្ត ក៏នៅសេសសល់ សំណុំរឿងមួយចំនួន ដែលតម្រូវអោយលោកព្រះរាជអាជ្ញាថ្មី ធ្វើកិច្ចការនេះបន្តផងដែរ ។
ជាមួយគ្នា នោះ ឯកឧត្តម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានសំដែងនូវការកោតសរសើរចំពោះលោក ហួត វុទ្ធី ដែលកន្លងមកបានខិតខំធ្វើការសម្រេចនូវសមិទ្ធផលជាច្រើន និងទទួលខុសត្រូវខ្ពស់ក្នុងនាមថ្នាក់ដឹកនាំ មិនថាកិច្ចការផ្ទៃក្នុងឬការងារបំរើសេវាជូនប្រជាពលរដ្ឋឡើយ ដែលសាកសមជាកន្លែងបំពេញ ការងារ និងជាកន្លែងផ្ដល់យុត្តិធម៌ ជូនប្រជាពលរដ្ឋ ។ ដោយ ក្រសួងយុត្តិធម៌ តែងតែឆ្លើយតបជាបន្តបន្ទាប់នូវតម្រូវការរបស់សាលាដំបូងខេត្ត និងអយ្យការសាលាដំបូង ក្នុងការដោះស្រាយបញ្ហានានាដើម្បីធានា និងដើម្បីបម្រើសេវាយុត្តិធម៌ ប្រកបដោយតម្លាភាព សមភាព និងយុត្តិធម៌ ។
ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងបន្តថា ប្រទេសយើងមានសុខសន្តិភាព បានមកពីគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខថ្នាក់ដឹកនាំ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលសម្តេច បាននាំមកនូវសុខសន្តិភាពយ៉ាងពេញលេញទូទាំងប្រទេស ដោយ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ធ្វើអោយមានការរីកចំរើនទាំងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពសមរម្យ ប្រកបដោយភាពថ្លៃថ្នូរ ផងដែរ ៕