ខេត្តកំពង់ធំ៖ ចាប់តាំងពីគណៈបក្សនយោបាយធំ ចំនួន២នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានភាពមិនចុះ សម្រុងគ្នានិងបានបង្ករភាពព្រួយបារម្ភណ៍ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកបអជីព និងប្រកបមុខរបរទទួលទាន ចាប់តាំងពីបោះឆ្នោតឆ្នាំ២០១៣កន្លងមកនេះ រហូតមកដល់ ពេលនេះប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស បានទទួលនូវ
ពត៌មានពីបណ្តាញ ប្រព័ន្ឋផ្សព្វផ្សាយ ក្នុងស្រុក និងក្រៅស្រុក បានបញ្ជាក់ពីគោលជំហរដ៏រ៉ឹងមាំរបស់គណៈបក្សប្រជាជនកម្ពុជា និងគណៈបក្សសង្គ្រោះជាតិ បានបញ្ចប់នូវភាពរកាំរកុះ បែរមុខរកគ្នា រួមគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ បាន ធ្វើឲ្យប្រជាពលរដ្ឋ សម្តែងនូវសេចក្តីរីករាយ សប្បាយចិត្តក្រៃលែង ដែលប្រទេសខ្មែរកំពុងតែធ្វើដំណើរសន្សឹមៗឆ្ពោះទៅរកស្ពានសន្តិភាព ក្នុងសមាគមន៍អាស៊ាន។
ប្អូនស្រី រ៉ុង សោភ័ណ ជាអជីវករនៅផ្សាកំពង់ធំ បានសម្តែងនូវភាពរីករាយ ឥតឧបមា ខណៈពេលដែលបាន ដឹងពីគោលជំហរច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានបញ្ចប់នូវសង្គ្រាមនយោបាយ ហើយគណៈបក្សប្រជាជនកម្ពុជា និងគណៈបក្សសង្គ្រោះជាតិរួមគ្នាកសាងជាតិ កសាងប្រទេស ដើម្បីសន្តិភាព និងភាពរីកចំរើនក្នុងប្រទេស ប្អូនបានបន្តថា មិនចង់ឃើញឡើយនូវទិដ្ឋភាពបាតុកម្ម ប្រឆាំងគ្នាទៅវិញទៅមក ដោយសារតែជំលោះនយោបាយ បង្ករឲ្យប្រជាពលរដ្ឋមានការភិតភ័យ ពិបាកក្នុងការប្រកបមុខរបរទទួលទាន ដែលបានជះឥទ្ធិពលដល់ការជឿជាក់របស់ អ្នកវិនិយោគទុន កម្មករ កម្មការិនីអត់ការងារ ដូច្នេះសូម សំណូមពរឲ្យគណៈបក្សទាំងពីចាប់ដៃគ្នា រួមគ្នាកសាងប្រទេសជាតិ កុំឲ្យមានទំនាស់គ្នាតទៅទៀត។
បងប្រុស កែវ សំបូរ អជីវករផ្សាកំពង់ធំ បានថ្លែងអំណរគុណដល់គណៈបក្សធំៗទាំងពីរ ដែលបានធ្វើឲ្យប្រជាពលដ្ឋក្នុងខេត្តកំពង់ធំ ចាប់ពីថ្ងៃនេះតទៅ មានជីវភាពប្រសើរឡើងនិងអាចរកប្រាក់ចំណូលបាន ដោយ មិនគិតពីនយោបាយ គឺរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ អភិវឌ្ឍន៍ជាធ្លុងមួយ គឺកូនខ្មែរទាំងអស់គ្នា គណៈបក្សតែ មួយនៅក្នុងរដ្ឋាភិបាលតែមួយ លោកកែវ សំបូរ បានសំណូមពរឲ្យរាជរដ្ឋាភិបាល ដំណើរការរួមគ្នា សហការ គ្នាជារៀងរហូត ជជែកគ្នា រកដំណោះស្រាយរួមគ្នា ហើយរួមគ្នាអភិវឌ្ឍន៍ដើម្បីប្រជាពលរដ្ឋខ្មែរ ដើម្បីប្រគួត ប្រជែងនៅលើពិភពលោក ជាពិសេសនៅក្នុងសហគមន៍អាស៊ាន។ 
បងស្រី សៀង វី អ្នកលក់ត្រីងៀត ផ្សាកំពង់ធំ បានមានប្រសាសន៍ថា សប្បាយចិត្តណាស់នៅពេលដែលគណៈបក្សទាំងពីត្រូវរ៉ូវគ្នា រួមគ្នាកសាងប្រទេស បើកាលណាឈ្មោះគ្នា អ្នកដែលរងគ្រោះគឺមានតែប្រជារាស្ត្រ សភាពការណ៍វឹកវរ គ្មានទីលំនឹងមួយថ្ងៃៗលឺសូរតែបាតុកម្ម គណៈបក្សប្រជាជនក៏ខ្មែរ គណៈសង្គ្រោះជាតិ ក៏ខ្មែរ តែកាលឈ្មោះគ្នាមានតែខ្មែរតែដែលរងគ្រោះ ដូច្នេះក្នុងនាមនាងខ្ញុំជាប្រជាពលរដ្ឋ មានចិត្តសប្បាយរីក រាយណាស់ មិនចង់ឲ្យឈ្មោះគ្នាទេ ព្រោះមិនមានប្រយោជន៍អ្វីសម្រាប់ប្រជាជនខ្មែរនោះទេ។




































