ខេត្តព្រះសីហនុ ៖ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា បានអញ្ជើញជួប សំណេះសំណាល ជាមួយ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ ផែស្វយ័ត ក្រុងព្រះសីហនុ ដើម្បីអបអរសាទរ ក្រោមប្រធានបទ «រួមគ្នា ដើម្បីការងារសមរម្យ និងកំណើន ប្រកបដោយចីរភាព និងភាពធន់»។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលបានចាប់ផ្ដើមនៅឆ្នាំ១៨៨៦ ក្នុងគោល បំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់ប្រជាពលករ គិត មកដល់បច្ចុប្បន្ននេះគឺមានរយៈពេល ១៣៩ឆ្នាំ ដែលពិភពលោកបានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ។ សម្រាប់កម្ពុជាវិញ យើងបានប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភាជារៀងរាល់ឆ្នាំតាំងពីឆ្នាំ១៩៧៩ និងបានកំណត់ជាថ្ងៃបុណ្យការងាររបស់ប្រជាពលករ និងជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ និងកម្មករ និយោជិតទាំងអស់ដូចគ្នា ។
រាជរដ្ឋាភិបាលរាប់ចាប់តាំងពីអាណត្តិ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ និងអាណត្តិទី៧នេះ តែងតែបានណែនាំដល់ស្ថាប័នជំនាញឱ្យខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករគ្រប់ៗរូបស្របតាមច្បាប់ស្ដីពីការងារច្បាប់ស្ដីពីសហជីពច្បាប់ស្ដីពីរបបសន្តិសុខសង្គម ច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានាជាពិសេសបានបង្កើត នូវយន្តការឆ្លើយតបទាន់ពេលវេលា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ។ហើយសម្រាប់ កំពង់ផែស្វយ័ត ក្រុង ព្រះសីហនុ គឺជាច្រក នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ដ៏សំខាន់មួយរបស់កម្ពុជា ក្នុងនោះមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលបម្រើការងារនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាប្រតិបត្តិករ ដ៏សំខាន់លើការងារ កំពង់ផែនេះផងដែរ៕
នាគសមុទ្រ