ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលប្រើប្រាស់យានយន្ត មិនទាន់បានផ្ទេរកម្មសិទ្ធិពីម្ចាស់ដើម សូមរួសរាន់ឡើង!

ខេត្តស្ទឹងត្រែង៖លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង សូមរួសរាន់មកធ្វើការផ្ទេរកម្មសិទ្ធិ ឬកាត់
ឈ្មោះយានយន្តពីម្ចាស់ដើមចេញ ឲ្យបានលឿន ជៀសវាងផុតកំណត់ការប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ពីព្រោះ បើសិនមិនបានធ្វើការផ្ទេរកម្មសិទ្ធិស្របតាមច្បាប់ឲ្យទាន់ពេលវេលា នោះវានឹងអាចបញ្ហាផ្លូវច្បាប់នៅថ្ងៃក្រោយ ។ប្រធានមន្ទីរបានឲ្យដឹងថា:ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងដល់ ប្រជាពលរដ្ឋទាំងអស់ដែលកំពុងប្រើប្រាស់ និងកាន់កាប់យានយន្តដែលបានទិញតពីគ្នា ហើយរកម្ចាស់ដើមមិនឃើញ ដែលមានបំណងចង់ផ្ទេរកម្មសិទ្ធិយានយន្ត ឬអាចដាក់ពាក្យស្នើសុំផ្ទេរកាន់កាប់កម្មសិទ្ធិ ដោយមិនចាំបាច់មានម្ចាស់ដើមមកជាមួយនោះទេ ។ លោកថា:ក្រសួងសាធារណការ និងដឹកជញ្ជូន បានទុកពេល៣ខែ គិតចាប់ថ្ងៃទី១២ ខែ មីនា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងប្រើប្រាស់យានយន្ត ដោយមិនទាន់បានកាត់ឈ្មោះនោះ ក៏ដូចជារកម្ចាស់ដើមមិនឃើញ សូមមកធ្វើការកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិយានយន្តរបស់ខ្លួននៅមន្ទីរសាធារណការ និងជញ្ជូនខេត្ត ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ដោយស្របច្បាប់ ។

លោកបញ្ជាក់ថា:ការផ្ទេរកម្មសិទ្ធិយានយន្តឬកាត់ឈ្មោះពីម្ចាស់ដើមនេះ គឺមានតម្លៃសមរម្យ មិនមានការយកថ្លៃហួសកំណត់ដូចពាក្យចរចាមអារាមឡើយ ។ (បើសិនបងប្អូនប្រជាពលរដ្ឋ មានចម្ងល់ឬចង់ដឹងពីបញ្ហានេះ សូមធ្វើការទំនាក់ទំនងមកកាន់មន្ត្រីជំនាញ ដែលកំពុងប្រចាំការនៅមន្ទីរស្រាប់ ដើម្បីលម្អិតអំពីរព័ត៌មាន ជៀសវាងការភ័ន្តច្រឡំ) ៕