ស្រុក​កំពង់សៀម​ បន្តការ​​​​ស្ថាបនា​ផ្លូវ​​បេតុង​ ចំនួន​៤គម្រោង​ ខណៈ​អ្នក​ទទួល​ការ​ជាច្រើន​ក្រុម​ហ៊ុន​បាន​ចូលរួម​ធ្វើ​ការ​ប្រកួតប្រជែង​ដេញ​ថ្លៃ​​

កំពង់ចាម​​:​ លោក​​​ ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០២០​ បាន​អញ្ជើញ​ចូលរួម​ដំណើរ​ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២០​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ចំនួន៤គម្រោង​​ ​​​នៅ​សាលា​ស្រុក​កំពង់សៀម​​​​​​​​ ក្រោម​វត្តមាន​​លោក​ ឈួន​ វិបុល​ អភិបាល​រង​ស្រុក​ ដោយ​មាន​ការ​ចូលរួម​ពី​​ គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។
ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ លោក​ ​ឡី​ មិច​​ បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ស្រុក​កំពង់សៀម​​​​ ដែល​បាន​រៀបចំ​នីតិវិធី​នៃ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ របៀបរៀបរយ​ល្អ​ ព្រមទាំង​បាន​សំណូមពរ​ដល់​តំណាង​ក្រុម​ហ៊ុន​​ ឲ្យ​គោរព​តាម​ក្រមសីលធម៌​របស់​អ្នក​ទទួល​ការ​ និង​ចូលរួម​​សហការ​ជាមួយ​អាជ្ញាធរ​ ដេីម្បី​លុបបំបាត់នូវ​ភាព​អនាធិបតេយ្យ​ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ឆ្លៀត​ឱកាស​មួយ​ចំនួន​ផងដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៤ខ្សែ​​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំ​កោះទន្ទឹម​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង៣៥០​ម៉ែត្រ​ ទទឹង៤ម៉ែត្រ​កម្រាស់០.១៥ម៉ែត្រ​ នៅភូមិកោះប្រាក់ក្នុង។
២-ឃុំ​កោះ​មិត្ត​ ជួសជុលផ្លូវដីប្រវែង១.៥៣០គ.ម ទទឹង៦ម៉ែត្រ​ នៅភូមិស្វាយជ្រុំ ភូមិកោះព្រលូង។
៣-ឃុំ​កោះ​សំរោង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង២០០ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ នៅភូមិទី៨។
៤-ឃុំ​ទ្រាន​ សាងសង់ផ្លូវបេតុងអាមេប្រវែង៣៥០ម៉ែត្រ​ ទទឹង៤ម៉ែត្រ​កម្រាស់ នៅភូមិទួលត្រាច និង​ភូមិច្រកស្តៅ​ ៕