ផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២ធ្នូឆ្នាំ២០២០នេះ បានចាប់ផ្តើមដំណើរការអ៊ុតបេទីមហើយ

ខេត្តព្រះសីហនុ ៖ ចាប់តាំងពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩រហូតមកដល់ថ្ងៃទី០២ខែធ្នូឆ្នាំ២០២០នេះមានរយៈពេលជា១ឆ្នាំបន្តិចប៉ុណ្ណោះដែលក្រុមហ៊ុនចំនួន៨បានដំណើរការស្ថាបនានៅខេត្តព្រះសីហនុ ចំនួន៣៤ខែ្សយ៉ាងសកម្ម។ជាលទ្ធផលជាក់ស្តែងក្រុមហ៊ុនបានសម្រេចបានលទ្ធផលដូចការគ្រោងទុក។បន្ទាប់ពីបានចាក់បេតុងរួចរាល់រយៈពេលប៉ុន្មានខែកន្លងមកនេះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ដំណើរការអ៊ុតបេទីមបានចាប់ផ្តើមដំណើរការផ្លូវមួយចំនួនក្រោមវត្តមានឯកឧត្តម ជា សុផារ៉ា ប្រធានគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា(គអឆក) និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្រ្តីអមដំណើរជាច្រើនរូបទៀតផងដែរ។
ប្រភពពីមន្ត្រីអោយដឹងថា ផ្លូវទាំង៣៤ខ្សែ នេះនឹងត្រូវអ៊ុតកៅស៊ូបេទីមពីលើបេតុងដែលមានគ្រឹៈរឹងមាំធានាការដឹកជញ្ជូនគ្រប់ប្រភេទ។ ជាជំហានដំបូងនេះក្រុមហ៊ុនចាប់ផ្តើមអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។

ក្រុមហ៊ុនចំនួន ៣ ដែលទទួលបានសិទ្ធក្នុងការងារអ៊ុតបេទីមលើផ្លូវទាំង ៣៤ ខ្សែនេះ៖
១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលអ៊ុតផ្លូវចំនួន ៥ខ្សែ ចាប់ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសេវ: ដល់រង្វង់មូលផ្លូវបំបែករាមជាប់ (ផ្លូវជាតិលេខ៤)។
២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលចំនួន១២ខ្សែ ចាប់ផ្ដើមអ៊ុតចេញពីរង្វង់មូលព្រះសិវ: ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃ នប់ ឆ្ពោះមកកាន់មហាវិថីជំទាវម៉ៅ។
៣.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ទទួលអ៊ុតផ្លូវចំនួន ១៧ខ្សែ ចាប់ផ្តើមអ៊ុតចេញពីរង្វង់មូលតោពីរទៅដល់ផ្លូវពូលូវ៉ៃ (ផ្លូវលេខ៥០០)ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ក្រុមហ៊ុនទាំង៣នេះបានដំណើរការអ៊ុតបេទីមព្រមៗគ្នាតែម្តង។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន L.S Construction Lee Service Cambodia PTC.,LTD បានឱ្យដឹងថា ក្រុមហ៊ុនថានឹងប្រើពេលវេលា ៩០ថ្ងៃប៉ុណ្ណោះសម្រាប់ដំណើរការអ៊ុតកៅស៊ូ ដោយគ្រោងនឹងបញ្ចប់នៅចុងខែកុម្ភះ ឬដើមខែមីនា ឆ្នាំ ២០២១៕