​ឯកឧត្ដម លន់ លឹម​ថៃ អញ្ជើញ​ចែក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ ចំនួន ៣៤៤​គ្រួសារ​នៅ​ស្រុក​កំពង់សៀម​

0

​ ​កំពង់ចាម​៖ នា​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៤​ឯកឧត្តម លន់ លឹម​ថៃ អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្តកំពង់ចាម​បាន​នាំយកមក​នូវ​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ចែកជូន​គ្រួសារ​រងគ្រោះ​ចំនួន​៣៤៤​គ្រួសារ​មកពី​ឃុំ​គគរ និង​ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​ ​

ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិវេណ​វត្ត​ទួល​ស្រែ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​វេជ្ជបណ្ឌិត សុខ ទ្បុ​ង ប្រធាន​នាយកដ្ឋាន​សុខភាព​នៃ​កាកបាទក្រហមកម្ពុជា ឯកឧត្ដម​ខ្លូត ផន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្ដម​អភិបាលរង​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព ស្ថាប័ន​នានា ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក និង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀត ។​ ​លោក គឹម ឌី អភិបាលស្រុក​កំពង់សៀម បានធ្វើ​របាយការណ៍​ពី​ស្ថានភាព​ទឹកជំនន់​ក្នុងស្រុក ដោយ​បញ្ជាក់ថា​៖​ស្រុក​កំពង់សៀម​មាន ១៥​ឃុំ​ស្មើនឹង ១១១​ភូមិ ក្នុងនោះ​ឃុំ​ដែល​ងាយ​រងគ្រោះ ដោយ​ទឹកជំនន់​មាន​ចំនួន ១០​ឃុំ ស្មើនឹង ៥៧​ភូមិ ។IMG-20140816-WA0002_resized

ទឹកជំនន់​ឆ្នាំ​២០១៤​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់ និង​លិច​ភូមិ​ចំនួន ៤០​ភូមិ ដាច់​ផ្លូវ​ប្រវែង ៨៥​ម​ផ្លូវ​ដីស​ប្រវែង ៦០.០៥០​ម​ផ្លូវ​បេតុង​ប្រវែង ៧១៩​ម​លិច​សាលារៀន​ចំនួន ២៣​កន្លែង សាលាឃុំ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចំនួន ១៥​កន្លែង មណ្ឌល​សុខភាព​ចំនួន ០៦​កន្លែង វត្ត​ចំនួន ២០​វត្ត ស្លាប់​មនុស្ស ៣​នាក់ រុះរើ​ផ្ទះ ដោយ​បាក់​ច្រាំង​ចំនួន ២​ខ្នង ប៉ះពាល់​សន្ទូង​ចំនួន ៧៤​ហ​.​ត ខូច​ទាំងស្រុង​ចំនួន ២៨​ហ​.​ត និង​ដំណាំ​រួមផ្សំ​២៤៨​ហ​.​ត ខូច​ទាំងស្រុង និង​បាន​ជម្លៀស​សត្វពាហៈនៈ​ទៅកាន់​ទីទួល​សុវត្ថិភាព​គោ​ចំនួន ២.៤៤៨​ក្បាល ក្របី ១២១​ក្បាល ផងដែរ ។​ថ្ងៃនេះ​ប្រជាពលរដ្ឋ​ចំនួន ៣៤៤​គ្រួសារ ដែល​បាន​ជម្លៀស​មកពី​ឃុំ​គគរ និង​ឃុំ​កោះ​រកា ទទួលបាន​ការឧបត្ថម្ភ​ស្បៀងអាហារ​ពី​កាកបាទក្រហមកម្ពុជា សម្រាប់​សម្រួល​បន្ទុក​បាន​មួយគ្រា ។​ ​

បន្ទាប់ពី​មតិ​សំណេះសំណាល​របស់លោក​វេ​ជ្ជ​បណ្ឌិត សុខ ទ្បុ​ង រួចមក ឯកឧត្តម លន់ លឹម​ថៃ​បាន​ពាំ​នាំនូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនា​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​-​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូ​សុខទុក្ខ និង​ការលំបាក ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស និយាយ​រួម និង​និយាយ​ដោយឡែក បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាននិងកំពុង​ទទួលរ​ង​គ្រោះ​ដោយសារ​ទឹកជំនន់ នាពេលនេះ ។ IMG-20140816-WA0004_resized

ឯកឧត្តម​លន់ លឹម​ថៃ​មានប្រសាសន៍ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​និង​សម្ដេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​ខិតខំ​គ្រប់​លទ្ធភាព ដើម្បី​កៀរគរ​ធនធាន​គ្រប់បែបយ៉ាង​ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​រស់នៅ និង​ថែរក្សា​សុខភាព​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ដែល​បាន​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​។​ឯកឧត្តម​បាន​បន្តទៀតថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​កាកបាទក្រហមកម្ពុជា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​បណ្តា​អង្គការ​ជាតិ​និង​អន្តរជាតិ​នានា ក្នុង​ការជួយ​ដោះស្រាយ​ជំនួយ​មនុស្សធម៌ ដល់​ប្រជាជន​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយធម្មជាតិ ហើយ​រាជរដ្ឋាភិបាល​ក៏បាន​គិតគូ​ដល់​ការស្តារ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​បាន​ខូចខាត​ដោយ​គ្រោះទឹកជំនន់ ផងដែរ ។ ឯកឧត្ដម​ក៏បាន​សូម​ឲ្យ​មានការ​យោគយល់​អធ្យាស្រ័យ​ចំពោះ បងប្អូន​ដែល​គ្រាន់តែ​មានទឹក​លិច​នៅ​ខាង​ក្រោមផ្ទះ​គឺ​ពុំ​បានទទួល​នូវ​អំណោយ​នេះ​ទេ ពោលគឺ​អំណោយ​ទាំងអស់នេះ​សម្រាប់តែ​បងប្អូន​ទាំងពីរ​ឃុំ​ខាងលើ ដែល​បាន​ផ្លាស់​ទីលំនៅ​មក​ស្នាក់​នៅលើ​ទួល​ស្រែ ចំនួន​តែ​៣៤៤​គ្រួសារ​តែប៉ុណ្ណោះ ។​IMG-20140816-WA0005_resized

​ឯកឧត្តម​លន់ លឹម​ថៃ​ក៏​អំពាវនាវ​ដល់​មន្ទីរ​ពា​ក់​ព័ន្ធ ស្ថា​ប័​នានា និង​អាជ្ញាធរ​ដែនដី​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ជួយ​ដោះស្រាយ​ការលំបាក​នានា ដែល​បងប្អូន​ត្រូវបាន​ជម្លៀស​មក​រស់​នៅលើ​ទីទួល​សុវត្ថិភាព និង​ណែនាំ​ឲ្យ​ប្រជាជនមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​អនុវត្ត​អនាម័យ ជៀសវាង​ជំងឺ​រាករូស និង​ការពារ​ប្រុងប្រយ័ត្ន​ចំពោះ​កូនចៅ កុមារ​តូចៗ ចាស់ជរា ជនពិការ ដែល​នាំ​ឲ្យ​បាត់បង់​អាយុជីវិត​ដោយសារតែ​ការធ្វេសប្រហែស​។

ដោយឡែក បងប្អូន​ទាំងអស់ ក៏ត្រូវ​ចូលរួមចំណែក​អនុវត្ត​នូវ​ច្បាប់​ចរាចរណ៍ នៅពេល​បើកបរ ត្រូវ​ពាក់មួក និង​ដាក់​កញ្ចក់​សុវត្ថិភាព ។ ក្នុងនោះ​ក៏ត្រូវ​លុបបំបាត់​ផងដែរ ចំពោះ​បញ្ហា​នេសាទ​ត្រី​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ។ មួយចំណែក​ទៀត បងប្អូន ក៏ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ផងដែរ ។​ ​សូមបញ្ជាក់ថា អំណោយ​មនុស្សធម៌​រប​ស់​កាកបាទក្រហមកម្ពុជា​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​ទាំង ៣៤៤​គ្រួសារ នាពេលនេះ ក្នុង ១​គ្រួសារៗ​មាន ៖ អង្ករ ៣០​គ​.​ក្រមី​១​កេស​ត្រីខ​១០​កំប៉ុង ភួយ ១ មុង​១ សា​រ៉ុង​១ និង​ក្រ​ម៉ា​១​ផងដែរ ។​ ​ដោយឡែក ឆ្លៀតឱកាស​នោះដែរ ឯកឧត្តម​លន់ លឹម​ថៃ​និង​ប្រតិភូ​អមដំណើរ ក៏បាន​នាំយក​បច្ច័យ និង​អង្គរ​ចំនួន ២​បេ មី ២​កេស និង​ត្រីខ ២​យួរ ទៅ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​ទួល​ស្រែ ផងដែរ ៕