ខេត្តកែបរៀបចំប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៥

0

ខេត្តកែប: មន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តកែប បានរៀបចំប្រារព្ធទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគា្នដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក្នុងបរិវេណសាខារោងចក្រកៃយ៉ាងស៊ូ មេធើរៀលឯ.ក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងនិយោជក និយោជិត ចូលរួមយ៉ាងច្រើនកុះករ។

លោក ស្រី សាម៉ន ប្រធានមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តកែប បានអោយដឹងថា ពិធីនេះធ្វើឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ១៣៩ឆ្នាំមុន នៃចលនាពលករអន្តរជាតិទាមទារលក្ខខណ្ឌការងារដើម្បីជីវភាពរស់នៅសមស្រប និងទទួលបានការងារ៨ម៉ោងក្នុងមួយថ្ងៃ ទិវាពលកម្មអន្តរជាតិ ១ឧសភា នៅប្រទេសកម្ពុជារបស់យើងបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលខកខាន ចាប់តាំងពីថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ ការប្រារព្ធទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណងលើកកម្ពស់នូវលក្ខខណ្ឌការងារឱ្យមានប្រសិទ្ធភាព និងទ្រទ្រង់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្ដបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារាចរណ៍ណែនាំ និងសារលិខិត ដើម្បីបំផុសទឹកចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត សហគ្រាស គ្រឹះស្ថាននានា អោយរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្នុងន័យបង្ករនៅការសប្បាយរីករាយ និងបង្កើននៅបរិយាកាសសាមគ្គី រវាងកម្មករ និយោជិត និងនិយោជក។

ឯកឧត្តមបណ្ឌិត បានបន្តថា៖ ទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវប្រធានបទ «រួមគា្នដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដែលជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះដែលបានកំណត់ក្នុងកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ឯកឧត្តបណ្ឌិត សោម ពិសិដ្ឋ បានណែនាំឱ្យរោងចក្រសហគ្រាសដែលមានទីតាំងនៅខេត្តកែប ត្រូវយកចិត្តទុកដាក់ក្នុងការលើកកម្ពស់អនាម័យបរិស្ថាន នៅក្នុង និងក្រៅរោងចក្រដើម្បីសុខមាលភាព កម្មករ កម្មការិនី របស់ខ្លួនផងដែរ។ ឯកឧត្តមបណ្ឌិត ក៏បានណែនាំបន្ថែម ទាក់ទងទៅនិងការ ខិតខំបំពេញការងារយកចិត្តទុកដាក់ថែរក្សាសុខភាព ចៀសឆ្ងាយពីគ្រឿងញៀន និង ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមការពារ រក្សាសុវត្តិភាពខ្លួនឯង ក្រុមគ្រួសារ អ្នកដទៃ និងចូលរួមការពារផលប្រយោជន៍របស់សង្គមជាតិផងដែរ៕ សេង ណារិទ្ធ