(ប៉ៃលិន)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញទទួលអំណោយស្បែកជើង សម្រាប់ចុះទឹក ចំនួន២០០គូរ ពីឯកឧត្តម ប៉ាន់ខែម ប៊ុនថន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និង លោកជំទាវ ពេជ ចន្ទមុន្នី សម្រាប់ជូនរដ្ឋបាលខេត្តប៉ៃលិន ដើម្បីជាការត្រៀម ក្នុងពេលមានគ្រោះធម្មជាតិទឹកជំនន់ ឬជំនន់ទឹកភ្លៀង ក្នុងខេត្ត។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និង លោកជំទាវ ពេជ ចន្ទមុន្នី បានមានប្រសាសន៍លើកឡើងថា៖នេះជាការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវ ពេជ ចន្ទមុន្នី ចំពោះក្រុមការងារ ត្រៀមលក្ខណៈ ម្ចាស់ការចុះជួយសង្គ្រោះប្រជាពលរដ្ឋ ពេលស្ថានភាពមូលដ្ឋាន បានទទួលរងគ្រោះធម្មជាតិ ទឹកជំនន់ឬជំនន់ទឹកភ្លៀង ព្រោះគណបក្សប្រជាជន គឺជារបស់ប្រជាជន បម្រើប្រជាជន ដើម្បីប្រជាជន ផងដែរ។
ក្នុងឪកាសនោះដែរលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានផ្តល់ជូននូវស្បែកជើងប្រើប្រាស់ក្នុងទឹកចំនួន២០០គូ សម្រាប់ត្រៀមលក្ខណៈ ក្នុងការចុះជួយសង្ក្រោះប្រជាពលរដ្ឋ ពេលស្ថានភាពមូលដ្ឋាន មានករណីទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តប៉ៃលិន ៕






































