សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្អូនស្រី ទួន ធារី អាយុ ១៤ឆ្នាំ ជាយុវជនកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ

(កំពង់ធំ)៖ រសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្អូនស្រី ទួន ធារី អាយុ ១៤ឆ្នាំ ជាយុវជនកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានរងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងគិតគូរខ្ពស់ចំពោះកម្លាំងចលករមនុស្សធម៌វ័យក្មេង ដែលបានចូលរួមយ៉ាងសកម្មក្នុងវិស័យមនុស្សធម៌ជួយដល់សង្គមជាតិ។ ឯកឧត្ដម អនុប្រធាន ក៏បានជូនពរប្អូនស្រីសូមឆាប់បានជាសះស្បើយ នឹងបានវិលត្រលប់ទៅផ្ទះវិញ និងសូមប្អូនស្រីអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់គ្រូពេទ្យ។

អំណោយមនុស្សធម៌បានផ្ដល់ជូនមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា១លានរៀល។