មុខសញ្ញាដើរកាត់ខ្សែភ្លើងតាមភូមិ ត្រូវបានចាប់ខ្លួន

ខេត្តបាត់ដំបង: ចោរហារយម្នាក់ ដែលតែងតែដើរលួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋតាមភូមិ បង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋ ត្រូវកម្លាំងសមត្ថកិច្ច ចាប់ខ្លួនបាន ខណ:ដែលមុខសញ្ញារូបនេះកំពុងដើរកាត់ខ្សែភ្លើងនៅពាក់កណ្តាលអាធ្រាត្រ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ការឃាត់ខ្លួននេះ បានធ្វើឡើង នៅ វេលាម៉ោង០២ រំលងអាធ្រាត្រ ឈានចូលយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចក្រុម១ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្ដបាត់ដំបង ។

ជនសង្ស័យ ដែលត្រូវចាប់ខ្លួននោះមានឈ្មោះ កូវ ប៊ុនលុច ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកន្រ្តៃ និង កាំបិតលួចកាត់យកខ្សែរភ្លើងរបស់ជនរងគ្រោះចំនួន០៣ នាក់ ឈ្មោះប៊ុច សារម្យ ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ឈ្មោះ ស្រី ផល្លី ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង និង ឈ្មោះ សុខ ឧត្តម ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពីទទួលពាក្យបណ្តឹងផ្ទាល់មាត់ភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម បានធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យភ្លាមៗ ព្រមទាំងបាន ដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន ០១ គ្រឿង

ទូរសព្ទ័ស៊េរីចាស់ ចំនួន ០១ គ្រឿង កាំបិតកញ្ចែត ដងឈើប្រវែង ០,៥០ម៉ែត្រ ចំនួន ០១ កន្រ្តៃ ចំនួន ០១ កាបូបដាក់ប្រាក់ ចំនួន ០១ និង ខ្សែរភ្លើងចំនួន ០៤ ដុំ។ ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កំពុង កសាងសំណុំរឿងតាមនីតិវិធី៕ អត្ថបទ: ព្រាប.ស