ភ្នំពេញ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា ការចែកចាយវីដេអូសិច និងរឿងសិច កំពុងតែសស្រាក់សស្រាំ ខណៈដែលពង្រាងច្បាប់ ទាក់ទងនឹង បណ្តាញសង្គមមួយនេះ ហាក់ដូចជាមិនសម្រេចជាដុំកំភួន ធ្វើឲ្យតារាជាច្រើនកំពុងក្តៅចុងច្រមុះ ដោយមានអ្នករកស៊ីតាមអនឡាញមួយចំនួន យកវីដេអូសិច ភ្ជាប់ជាមួយនឹងតារាស្រីដែលជាជនរងគ្រោះទាំងនោះ ។
ផ្តើមចេញពីភាពសាយភាយរឿងសិច ដែលត្រូវបានគេចែកចាយនៅលើអនឡាញ ភាគច្រើនជាអ្នករកស៊ីតាមអនឡាញ ធ្វើយ៉ាងណាឲ្យមានចំនួនអ្នកទស្សនាច្រើន នោះកម្រៃដែលទទួលបាន ពី Google Adsense នឹងមានចំណូលកាន់តែច្រើន ខណៈដែលតារាសម្តែង និងចម្រៀងជាច្រើន ត្រូវបានគេយកទៅភ្ជាប់ជាមួយនឹងវីដេអូសិច ដោយសរសេរបំផ្លើសថា តារានេះ តានោះ បែកធ្លាយវីដេអូសិច ជាមួយនឹងមិត្តប្រុស ជាដើមហេតុធ្វើឲ្យ ក្រុមតារាក្តៅចុងច្រមុះ កើនដល់ ១០០ អង្សាសេ ។
ទន្ទឹមជាមួយនឹងរឿងរ៉ាវ បំផ្លើសព័ត៌មានបែកធ្លាយវីដេអូសិច ឬឈុតសិច ប្រភពជិតស្និទ្ធនឹងតារាសម្តែងស្រស់ សោភា នាង ម៉ាក សែនសូនីតា បានខ្សឹបប្រាប់ថា "នាង ម៉ាក សែនសូនីតា កំពុងក្តៅចុងច្រមុះ ទាក់ទិនរឿង គេយករូបនាង ភ្ជាប់ជាមួយនឹងវីដេអូសិច ដោយសរសេរថា ម៉ាក សែនសូនីតា ធ្លាយវីដេអូសិចជាមួយនឹងមិត្តប្រុស ។
ព័ត៌មាននេះដែរ នាងកំពុងធ្វើទៅតាមនីតិវិធី របស់ច្បាប់ ដោយវែកមុខ ជនដែលបំផ្លើសព័ត៌មាននេះ ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងក្រុមគ្រួសារនាង" ។ ប្រភពដដែលបានអះអាងថា វាគ្មានរឿងរ៉ាវបែកធ្លាយ ដូចអ្វីដែលគេបំផ្លើសចុះផ្សាយលើអនឡាញ នោះទេ ។ បញ្ជាក់ផងដែរថា មិនមែនមានតែ ម៉ាក សែនសូនីតា ទេ ដែលត្រូវបានគេយកទៅភ្ជាប់ជាមួយនឹងវីដេអូសិច ក្នុងនោះក៏មាន ថន លក្ខិណា នី មុន្និនាថ និង ទឹម រដ្ឋា ជាដើម ៕