ខេត្តតាកែវ៖ អភិបាលខេត្តតាកែវបានធ្វើការណែនាំដល់ក្រុមមន្រ្តីដែលបម្រើការនៅច្រកចេញចូលតែមួយរួមនិងមន្ទីរ ពាក់ព័ន្ធត្រូវយកប្រជាពលរដ្ឋជាធំ ដោយខិតខំប្រឹងប្រែងបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋអោយបានល្អ ឆាប់រហ័ស ជៀសវាងបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដោយសារតែការបំរើសេវា មិនទាន់ទាន់ពេលវេលាតាមច្បាប់កំណត់។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវបានលើកឡើងថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋកាន់តែច្រើនឡើងបានមករកសេវាសាធារណៈនៅច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុងស្រុក ខេត្តរបស់យើង ដោយសារការធ្វើប្រតិភូកម្មមុខងារមួយចំនួនដែលមន្ទីរជំនាញធ្លាប់បានចេញលិខិត អនុញ្ញាតិឲ្យមកសុំនៅច្រកចេញចូលតែមួយវិញ។ ស្ថានភាពបែបនេះបង្ហាញពីការជឿទុកចឹត្តរបស់បងប្អូនប្រជាពលរដ្ឋមកលើការបំរើសសេវារបស់មន្រ្តីយើង ដូច្នោះដើម្បីតបស្នងការចំពោះការជឿទុកចឹត្តរបស់បងប្អូនប្រជាពលរដ្ឋមកលើមន្រ្តីយើង គម្បីយើងទាំងអស់គ្នាប្រឹងប្រែងយកចឹត្តទុកដាក់បម្រើសេវាជូនពួកគាត់ឲ្យបានល្អប្រសើរ តាមរយៈការប្រើប្រាស់ពាក្យសំដីរួសរាយរាក់ទាក់និងធ្វើយ៉ាងណាត្រូវធ្វើលិខឹតស្នាមដែលពួកគាត់មកសុំឲ្យបានទាន់ពេលវេលាតាមច្បា់កំណត់។
លោកអភិបាលខេត្តបានថ្លែងបន្តថា កន្លងមកក៏មានការរិះគន់ខ្លះពីសំណាក់បងប្អូនប្រជាពលរដ្ឋយើងដែលមករកសេវា ថាការបម្រើសេវាមានការយឹតយ៉ាវមានរយៈពេលយូរ ដែលបញ្ហានេះវាពិតជាកើតមានឡើងពិតប្រាកដមែន ជាពិសេសបញ្ហាប័ណ្ណកម្មសិទ្ធ ដែលបញ្ហានេះគឹដោយសារតែមន្រ្តីយើងមានគ្នាតិចហើយការងារមានចំនួនច្រើន ដូច្នោះបញ្ហាខ្លះមន្រ្តីត្រូវធ្វើការពន្យល់បងប្អូនប្រជាពលរដ្ឋឲ្យបានយល់ ជៀសវាងមានការយល់ច្រលំនិងមានការអាក់អន់ចឹត្តពីបងប្អូនប្រជាពលរដ្ឋយើង។
គួបញ្ជាក់ថា ការបម្រើសេវានៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ ក្នុងឆ្នាំ២០២១កន្លងមកគឺបម្រើសេវាបានចំនួនជាង៩ពាន់សេវា កើនឡើងជាង១៦ភាគរយបើប្រៀបធៀបនិងឆ្នាំ២០២០កន្លងមក៕ ពូស៊្មីត






































