អភិបាលខេត្តកំពង់ចាមជម្រុញឲ្យការបោះឆ្នោតមានភាពត្រឹមត្រូវយុត្តិធម៌ស្របទៅ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន ជម្រុញ រៀបចំ ទាំង សកម្មភាព និងឯកសារនានាដេីម្បីគាំទ្រធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ខែមិថុនាខាងមុខនេះឲ្យមានភាពត្រឹមត្រូវយុត្តិធម៌ស្របទៅ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិការថ្លែងជម្រុញបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ២០២២ ។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តក៏បានក្រេីនរំលឹកដល់មន្ត្រីពាក់ព័ន្ធឲ្យមានភាពទទួលខុសត្រូវក្នុងការបំពេញ ភារកិច្ចតួនាទីរបស់ខ្លួនពោលគឺត្រូវទទួលនូវអ្វីដែលខ្លួនបានអនុវត្តមិនថាខុសឬក៏ត្រូវគឺត្រូវទទួលយកទាំងអស់កុំ ទទួលយកតែត្រូវហើយអ្វីដែលខុសរុញទៅឲ្យអ្នកដទៃ ។

ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តីព្រាង របៀបវារៈ សំខាន់ ៗ មក ពិភាក្សា រួមមាន ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ។

គួរ បញ្ជាក់ ថា កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ជាអភិបាលរងខេត្ត ព្រមទាំង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបផងដែរ ៕