កំពង់ឆ្នាំង ៖ នៅក្នុងបិណ្ឌទី៧នៅវត្តថ្មីស្ថិតក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤នេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងលោកជំទាវ រួមដំណើរដោយលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកប្រ ធាន លោក
អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការឃុំនិងស្រុក ក្នុងស្រុកកំពង់លែងគ្រប់លំដាប់ថ្នាក់ រួមនិងពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញចូលរួមកាន់បិណ្ឌតាមប្រពៃណីខ្មែរ។
នៅក្នុងពិធីកាន់បិណ្ឌវេនទី៧នេះផងដែរលោក ឈួរ ច័ន្ទឌឿន និង លោកជំទាវ ព្រមទាំងលោក និងលោកជំទាវ មន្ត្រីរាជការរួមដំណើរ និង ពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកនូវទេយ្យវត្ថុមួយចំនួន និងបច្ច័យចំនួន៤.២០០.០០០លានរៀល ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តថ្មី សំរាប់ទុកកសាងសមិទ្ធិផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និងទេយ្យវត្ថុដល់ព្រះសង្ឃ១១អង្គ ដែលក្នុងមួយអង្គៗ មានសាដក១និងបច្ច័យ២ម៉ឺនរៀល លោកយាយជីតាជី១០០នាក់ក្នុងម្នាក់ៗទទួលបានប្រាក់១ម៉ឺនរៀល និងឧបត្ថម្ភសំរាប់ធ្វើចង្ហាន់ប្រគេនព្រះសង្ឍ៥០ម៉ឺនរៀល និងបានឧបត្ថម្ភជូនកងកំលាំងសមត្ថកិច្ចការពារចំនួន២០ម៉ឺនរៀលផងដែរ។ បន្ទាប់មកលោក ឈួរ ច័ន្ទឌឿន និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទបាននាំគ្នាប័ង្សុកូលរាប់បាត ដើម្បីឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបានចែកឋាន និងឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារីដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិនិងប្រជាពលរដ្ឋ នៅក្នុងភ្លើងសង្គ្រាមកន្លងមក ។
លោក ឈួរ ច័ន្ទឌឿន ក៏បានបញ្ជាក់ថា៖ពិធីបុណ្យកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យប្រពៃណីជាតិខ្មែរមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីផ្សេងៗទៀត ដែលប្រជាជនខ្មែរបានប្រារព្ធធ្វើ ហើយជារៀងរាល់ឆ្នាំមិនដែលខានឡើយ ពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធធ្វើឡើងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែ ភទ្របទ រហូតដល់ថ្ងៃ១៥រោច ដែលពិធីបុណ្យនេះ គេចាត់ទុកថាជាពិធីបុណ្យរំលឹកគុណមាតាបិតា ធ្វើឡើងដើម្បីគោរពដល់វិញ្ញាណក្ខន្ធ និងឧទ្ទិសមគ្គផលជូនដល់បុព្វការីជន ដែលបានចែកឋានទៅហើយអោយបានទទួលសេចក្តីសុខគ្រប់ប្រការ និងបានរួចផុតពីបាបកម្មទាំងឡាយដែលបាប្រព្រឹត្តខុសឆ្គងកន្លងមក។ តាមជំនឿបូរាណនិយាយថា៖នៅក្នុងរដូវភ្ជុំបិណ្ឌ១៥ថ្ងៃនេះ យមបាលបានលែងពពួកប្រេតដែលជាអ្នកមានបាបកម្មទាំងឡាយ អោយមកឋានកណ្តាល ដើម្បីដើររកសាច់ញាតិ កូនចៅដែលបានធ្វើបុណ្យអោយខ្លួននៅតាមវត្តអារាម តែបើពពួកប្រែតទាំងនោះ រកកូនចៅមិនឃើញធ្វើបុណ្យអោយខ្លួនវិញនោះពួកគេនិងដាក់បណ្តាស់សារមិនអោយកូនចៅគេរកស៊ីមានបានឡើយ៕


