ខេត្តព្រះវិហារ៖ លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ និងអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំក្រុមការងារថ្នាក់ខេត្ត មន្ទីរ អង្គភាព កងកម្លាំងទាំង៣ និងមន្ត្រីនៅថ្នាក់មូលដ្ឋាន នាំយកស្បៀងអាហារ និងគ្រាប់ពូជបន្លែ ដែលជាអំណោយរបស់ រាជរដ្ឋាភិបាល ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលកន្លងមក កំពុងប្រឈមនឹងការខ្វះខាតលើជីវភាពរស់នៅ ១ពាន់ ១៨៦គ្រួសារ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូពីភាពសុខទុក្ខ និងផ្ញើការនឹករលឹក ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះដោយទឹកជំនន់នាពេលកន្លងមក ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានស្ថិរភាព និងសន្តិសុខសង្គមយ៉ាងល្អប្រសើរ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាឱ្យបាន នូវសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានខិតខំនាំយកមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ដោយលំបាកលំបិនបំផុត ។
យោងរបាយការណ៍របស់រដ្ឋបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា នៅក្នុងរដូវវស្សាកន្លងមក ស្រុកជាំក្សាន្តបានរងនឹងខ្យល់កន្ត្រាក់ ព្រមទាំងជួបគ្រោះទឹកជំនន់ បានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ផលដំណាំកសិកម្មយ៉ាងធ្ងន់ធ្ងរ ក្នុងនោះ មានដំណាំដំឡូងមី និងស្រូវវស្សា រងប៉ះពាល់ក្នុងទំហំ ៤ពាន់៣៨៩ហិកតា, ខូចខាត ១ពាន់ ១៥៨ហិកតា, ប៉ះពាល់ដំឡូងមី ៣ពាន់ ១៧១ហិកតា និងខូចខាតដំណាំដំឡូងមី ១ពាន់ ៥៥៧ហិកតា ស្មើចំនួនមនុស្ស ៣ពាន់ ៤៩៥គ្រួសារ ។ ដោយឡែក នៅក្នុងឃុំកន្ទួតឯណោះវិញ បានរងផលប៉ះពាល់លើដំណាំស្រូវ ១ពាន់ ២០០ហិកតា, ខូចខាត ៣៣៦ហិកតា, និងប៉ះពាល់ដំឡូងមី ៦០៩ហិកតា, ខូចខាត ៥៦០ហិកតា ស្មើចំនួនមនុស្ស ១ពាន់ ១៨៦គ្រួសារ ៕ដោយ៖ឡុង សំបូរ