ខេត្តព្រះវិហារ៖ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជួប ប៉ារីស៍ និងអភិបាលខេត្ត ព្រះវិហារ លោក គីម រិទ្ធី បានឯកភាពរួមគ្នាក្នុងការបង្កើតកម្មវិធីបោះជំរំ និងបំបួសដើមឈើ ក្រោមប្រធានបទ «ក្តីស្រឡាញ់ធនធានធម្មជាតិ និងជីវៈចម្រុះ» នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥កុម្ភះ ឆ្នាំ២០២៣។
ពិធីនេះទៀត ក៏មានការចូលរួមពី ប្រជាសហគមន៍មូលដ្ឋាន យុវជនកាកបាទក្រហម យុវជនកាយឫទ្ធ សិស្សានុសិស្ស តំណាងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងក្រុមអ្នកស្រលាញ់ និងអភិរក្សធនធានធម្មជាតិ ប្រមាណ ៣៨០នាក់ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិចាក់អង្រែ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ស្ថិតនៅក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងថា ការបង្កើតឡើងនូវកម្មវិធី បោះជំរំ និងបំបួសដើមឈើ ក្រោមប្រធានបទ «ក្តីស្រឡាញ់ធនធានធម្មជាតិ និងជីវៈចម្រុះ»នាពេលនេះ ក្នុងគោលបំណងបំផុសគំនិត និងស្មារតីស្រឡាញ់ និងអភិរក្សធនធានធម្មជាតិ ដល់ប្រជាជានទូទៅ និងផ្សព្វផ្សាយការយល់ដឹង និងចែករំលែកបទពិសោធន៍ ការគ្រប់គ្រងធនធានធម្មជាតិ និងការប្រាស្រ័យទាក់ទង របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងបរិស្ថាន។
លោក គីម រិទ្ធី បានថ្លែងទៀតថា ការជួបជុំគ្នានាពេលនេះ គឺជាឱកាសសម្រាប់គ្រប់ភាគីទាំងអស់ ចូលរួមចែករំលែកនូវក្តីស្រឡាញ់ សាមគ្គីភាពរឹងមាំ ចូលរួមថែរក្សាបរិស្ថាន ក៏ដូចជាការការពារ អភិរក្សធនធានធម្មជាតិរបស់យើង សម្រាប់អ្នកជំនាន់ក្រោយ ក្រោមម្លប់នៃសន្តិភាព។
គួរបញ្ជាក់ថា ក្រសួងបរិស្ថានបាន និងកំពុងគ្រប់គ្រងផ្ទៃដីជាង ៧លានហិកតា ដែលបានបែងចែកជាឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់បេតិកភណ្ឌ និងរបៀងអភិរក្សជីវៈចម្រុះ។
នៅតាមតំបន់ការពារធម្មជាតិទាំងអស់នេះ មានប្រជាសហគមន៍ជាច្រើនគ្រួសារ ដែលបាននិងកំពុងរស់នៅ ហើយពឹងផ្អែកទៅលើធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិទាំងអស់នោះ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ដើម្បីធានាការការពារ និងគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះ ដោយនិរន្តរភាព ក្រសួងបរិស្ថាន បានដាក់ពង្រាយឧទ្យានុរក្ស ចំនួន១ពាន់ ២៦០នាក់ និងបានបង្កើត និងគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១៩៣ ហសគមន៍ ថែមទៀតផង៕ ដោយ៖ឡុង សំបូរ