(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល។ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ។
លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានឡើងអានជីវប្រវត្តិ នៃការកើតឡើងទិវានារីអន្តរជាតិ៨មីនា ដោយបានបញ្ជាក់ថានៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញកាត់ដេរនៅទីក្រុងស៊ីកាកូនិង ញូវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ ដើម្បីទាមទារបន្ថយម៉ោងធ្វើការនិងដំឡើងប្រាក់បៀវត្ស និងទាមទារសិទ្ធិសេរីភាពសម្រាប់នារី។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានឡើងអានទាំងស្រុងនូវព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១២ទិវានារីអន្តរជាតិ ៨មីនាឆ្នាំ២០២៣ ។
ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការអបអរសាទរចំពោះទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ នេះ ក្រោមប្រធានបទស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល នឹងបានអំពាវនាវដល់បុរសគ្រប់រូប ត្រូវចូលរួមគោរពសិទ្ធិនារីនៅគ្រប់ពេលវេលា និងត្រូវលើកដំកើនតម្លៃដល់នារីគ្រប់រូបៗ ក្នុងសមភាពយេនឌ័រ ។
នៅក្នុងឱកាសនេះឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គទេសក៍ឯកក្នុងការដឹកនាំអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងមានការឯកភាពជាតិពេញលេញ ហើយបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រោយពីពិធីចប់ ឯកឧត្តមលោកជំទាវ លោក លោកស្រីក៏បានប្រគល់បាច់ផ្កា និងជូនកាដូអនុស្សាវរីយ៍ទៅវិញទៅមក និងចាប់សំណួរ ឆ្លើយយករង្វាន់ចំនួន១៥រង្វាន់ ព្រមទាំងថតអនុស្សាវរីយ៍តាមមន្ទីរអង្គភាពផងដែរ៕






































