ខេត្តព្រះសីហនុ
លោក ម៉ម សុខដារ៉ា ប្រធានស្តីទីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្របានឲ្យដឹងថា មជ្ឈមណ្ឌលបានធ្វើការភ្ញាស់កូនត្រីស្ពង់សមុទ្រទទួលបានជោគជ័យ ក្នុងរយះពេល ៩ខែដើមឆ្នាំ២០១៤នេះ ជម្ឈមណ្ឌលបានភ្ញាស់កូនត្រីស្ពង់បានចំនួនពីរលើករួចមកហើយ ដែលមានកូនត្រីស្ពង់ចំនួន ៦០,០០០ក្បាល ដើម្បីលក់ចែកជូនប្រជាពលរដ្ឋយកទៅចិញ្ចឹមជាលក្ខណគ្រួសារ និងចិញ្ចឹមតាមសហគមន៌ក្នុងព្រះសីហនុ កំពត និងខេត្តកំពង់ធំ ។
លោកម៉ម សុខដារ៉ា បានឪ្យដឹងបន្តថា បច្ចុប្បន្នមជ្ឈមណ្ឌលមានត្រីមេពូជចំនួន ២២ក្បាល ហើយត្រីមួយក្បាលវាអាចពង កូនបានជារៀងរាល់ខែទៅតាមតម្រូវការដែលយើងចង់បាន កាភ្ញាស់កូនត្រីស្ពង់មានកំណត់ អាស្រ័យទៅតាមតម្រូវការទីផ្សាររបស់អ្នកចិញ្ជឹម ប្រសិនបើមានអ្នកទិញយកទៅចិញ្ចឹមច្រើន យើងនឹងធ្វើការភ្ញាស់កូនត្រីឪ្យបានច្រើន ។ ការចិញ្ចឹមភាគច្រើនគឺប្រជាកសិករពួកគាត់ទិញកូនត្រីយកទៅចិញ្ចឹមនៅចុងរដូវវស្សាចន្លោះពីខែវិច្ឆិកា និងខែធ្នូ ។
នៅចុងខែតុលានេះយើងមានគម្រោងភ្ញាស់កូនត្រីស្ពង់បន្តទៀត ។ កូនត្រីអាចយកទៅចិញ្ចឹមបានវាមានអាយុចាប់ពី១ខែកន្លះ ទៅពីរខែ និងមានប្រវែងពី៣ ទៅ៥សង់ទីម៉ែត្រកូនត្រីមួយក្បាលមានតម្លៃត្រឹមតែ ៥០០រៀល ។ ការចិញ្ចឹមត្រីយើងឪ្យស៊ីចំណីតាមលក្ខណបច្ចេកទេស រយះពេល ៦ខែ ត្រីអាចមានទម្ងន់ចាប់ពី ១,២០ គីឡូក្រាម ក្រៅពីការចិញ្ចឹមតាមបែរក្នុងទឹកប្រៃ យើងក៌បានធ្វើការបន្សាំកូនត្រីស្ពង់ជាមួយនឹងទឹកសាប ដើម្បីឪ្យកសិករយកទៅធ្វើការចិញ្ចឹមនៅតាមតំបន់ទឹកសាបបានដូចគ្នានឹងទឹកប្រៃផងដែរ យើងបានធ្វើការសាកល្បងចិញ្ចឹមកូនត្រីស្ពង់នៅតំបន់ទឹកសាបក្នុងខេត្តកំពង់ធំដោយពិនិត្យឃើញថាការចិញ្ចឹមនៅទឹកសាប មានការលូតលាស់មិនចាញ់ការចិញ្ចឹកនៅទឹកប្រៃនោះទេ ។
លោកបានបន្តទៀតថា កាលពីមុនប្រជាកសិករអ្នកចិញ្ចឹកត្រីស្ពង់ ពួកគាត់ទិញកូនត្រីមកពីប្រទេសថៃ និងវៀតណាម ការដឹកជញ្ជូនមានការងាប់ច្រើនធ្វើឪ្យពួកគាត់ខាតបង់ថវិកា បច្ចុប្បន្នពួកគាត់ងាកមកទិញកូនត្រីស្ពង់នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រវិញ ព្រោះការទិញកូនត្រីយកទៅចិញ្ចឹមមានតម្លៃថោកជាង និងអត្រាងាប់មានចំនួនតិចបំផុត ។ បច្ចុប្បន្ននេះមានខេត្តកំពង់ធំក៌បានយកកូនត្រីស្ពង់ទៅចិញ្ចឹមក្នុងទឹកសាបផងដែរទទួលបានជោគជ័យ ដូច្នេះការចិញ្ចឹមត្រីស្ពង់អាចចិញ្ចឹមបានទាំងទឹកប្រៃ និងទឹកសាបបានដូចគ្នា ។
ត្រីស្ពង់វាចាប់ផ្លាស់ប្តូភេទចាប់ពីញាស់រហូតដល់វាមានទម្ងន់៤គីឡូក្រាម ជាត្រីឈ្មោលទាំងអស់ ក៌ប៉ុន្តែចាប់ពីទម្ងន់៤ ឡើងទៅ៨គីឡូក្រាម ប្រែភេទមកជាត្រីញីវិញ ។ មុនពេលបង្កាត់យើងយកវាមកចាក់ថ្នាំរយះពេល៣៨ម៉ោង វានឹងធ្លាក់ពង ហើយក្នុងរយះពេល ១៨ម៉ោងក្រោយមកពងក៌ញាស់កូនត្រីញាស់បាន ២ថ្ងៃ វាអាចចេះស៊ីចំណី រហូតដល់មួយអាទិត្យយើងដូរចំណីផ្សេង និងបន្តដូរបន្តទៀត រហូតដល់ត្រីមានអាយុជិត២ខែ ទើបចាប់កូនលក់ឪ្យប្រជាពលរដ្ឋយកទៅចិញ្ចឹមនៅតាមបែរ និងតាមស្រះក្នុងគ្រួសារ និងតាមសហគមន៌ ។
ក្រៅពីការភ្ញាស់កូនត្រីស្ពង់ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុតទ្រក៌បានធ្វើការភ្ញាស់កូនបង្កងបានចំនួនជាង ៦០,០០០ក្បាលទទួលបានជោគជ័យរួចមកហើយដែរ កាលពីឆ្នាំ២០១៣កន្លងមក ដែលមានប្រជាពលរដ្ឋនៅខេត្តតាកែវ ខេត្តព្រះសីហនុទិញយកទៅចិញ្ចឹម ក្នុងកូនបង្កងមួយក្បាលតម្លៃត្រឹមតែ ១០០រៀលតែប៉ុណ្ណោះ ។ ហើយនៅចុងឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលកំពុងរៀបចំធ្វើការភ្ញាស់កូនបង្កងបន្តទៀត ដើម្បីយកទៅលក់ចែកចាយឪ្យប្រជាពលរដ្ឋយកទៅចិញ្ចឹមនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនទិន្នផលទឹកសាប និងទិន្នផលត្រីទឹកប្រៃសម្បូរឡើង ។
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រគ្រោងនិងធ្វើការភ្ញាស់កូនត្រីទឹកកែ បន្តទៀតនៅឆ្នាំ២០១៥ខាងមុខ បន្ទាប់ពីយើងបានភ្ញាស់កូនត្រីស្ពង់ និងកូនបង្កងទទួលបានជោគជ័យរួចមក ។ ហើយត្រីទឹកកែដែលមានទម្ងន់ចាប់ពី៤គីឡូចុះសុទ្ធតែជាត្រីញឺ ក៌ប៉ុន្តែនៅពេលវាមានទម្ងន់លើសពី៤គីឡូក្រាម វានឹងប្រែភេទជាត្រីឈ្មោលវិញ ។
លោក ម៉ម សុខដារ៉ា បានបញ្ជាក់ថា បច្ចុប្បន្នការភ្ញាស់ត្រីស្ពង់ដោយមានការជួយឧបត្តម្ភចូលរួមពីអ្នកជំនាញការជប៉ុន ក្នុងការជួយបង្ហាត់បង្រៀនក្នុងពិធីបង្កាត់ពូជត្រីសមុទ្រ និងបង្កងនាពេលកម្លងមកទទួលបានជោគជ័យជាបន្តបន្ទាប់ ៕