ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលដោយឥតគិតថ្លៃ នៅក្នុងខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋប្រមាណ ៦០០នាក់ ទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលប្រជាពលរដ្ឋទាំងអស់ មកពី ៤ឃុំ គឺ ឃុំព្រះឃ្លាំង នៅក្នុងស្រុកត្បែងមានជ័យ ,ឃុំរក្សា ,ឃុំរមទម និងឃុំរំដោះ នៅក្នុងស្រុករវៀង នៅថ្ងៃទី៤មិថុនា២០២៣ ។ ពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យព្រះឃ្លាំង ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា ក្នុងនាម ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ខេត្ត និងក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្បែងមានជ័យ និងស្រុករវៀង បានចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោក គួង ឡូ បានបន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ បង្កើតឡើងនៅដើមឆ្នាំ២០២២ ដែលបានរៀបចំឡើងដោយ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងរូបលោកផ្ទាល់ ជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ ដែលមានសមាជិក ២៥០នាក់ ដែលជាវេជ្ជបណ្ឌិត គ្រូពេទ្យ ឱសថការី ទន្តបណ្ឌិត គិលានុបដ្ឋាន និងឆ្មប បម្រើការងារតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជននានា នៅក្នុងខេត្តព្រះវិហារ។

លោក គួង ឡូ បានបន្តទៀតថា នៅថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តព្រះវិហារ ១៥០នាក់ នឹងផ្តល់សេវាពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយមានសេវាសំខាន់ៗទាំងអស់ចំនួន១១ រួមមាន៖ ១. សេវា ពិនិត្យ ព្យាបាលជំងឺទូទៅ, ២. សេវា ពិនិត្យ ដោយអេកូសាស្ត្រ, ៣. សេវា វះកាត់តូច, ៤. សេវា ពិនិត្យ និងព្យាបាលជំងឺកុមារ, ៥. សេវា ពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម និងលើស សម្ពាធឈាម ៦, សេវាពិនិត្យ និងព្យាបាលជំងឺផ្លូវចិត្ត, ៧. សេវា ពិនិត្យ និងព្យាបាល ជំងឺច្រមុះ ត្រចៀក និងបំពង់ក, ៨.សេវាពិនិត្យព្យាបាលមាត់ធ្មេញ, ៩. សេវា ពិនិត្យ និងព្យាបាលផ្នែកសម្ភព និងរោគស្ត្រី, ១០. សេវា ពិនិត្យ ព្យាបាលជំងឺភ្នែក និង១១. សេវា ចាក់វ៉ាក់សាំងកូវីដ-១៩ និងវ៉ាក់សាំង ១១មុខ សម្រាប់កុមារមានអាយុក្រោម៥ឆ្នាំ។

អភិបាលខេត្តព្រះវិហារ លោក គីម រឹទ្ធី បានមានប្រសាសន៍ថា សកម្មភាពមនុស្សធម៌នេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារប្រទេសជាតិមានស្ថិរភាព និង សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើនឥតឈប់ឈរ។

លោកអភិបាលខេត្តព្រះវិហារ បានអំពាវនាវឲ្យរួមគ្នាថែរក្សាសុខ សន្តិភាព និងស្ថិរភាពតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានគង់វង្ស៕ដោយ៖ឡុង សំបូរ