កងអនុសេនាតូចបោសសំអាតមីនកងពលធំអន្តរាគមន៍លេខ៣ បិទបញ្ចប់ការងារបោសសំអាតមីនជំហាន១៖ លោកឧត្តមសេនីយ៍ទោ ជូ តុងអាន ណែនាំដល់កងកម្លាំងថែទាំសុខភាព.!

0

ខេត្តព្រះវិហារ៖ កាលពីល្ងាចថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញកងកម្លាំងអនុសេនាតូចបោសសំអាតមីន លេខ៣១, លេខ៣២, លេខ៣៣, លេខ៣៤, និងលេខ៣៥ បានបិទបញ្ចប់សកម្មភាពការងារបោសសំអាតមីនជំហាន១ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ស្របតាមផែនការដែលថ្នាក់លើប្រគល់ជូន ។

ពិធីនេះធ្វើឡើង ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរង អនុប្រធានអនុគណៈកម្មការបោសសម្អាតមីនអចិន្ត្រៃយ៍ កងពលធំអន្តរាគមន៍លេខ៣ តំណាងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រធានអនុគណៈកម្មការបោសសំអាតមីនអចិន្ត្រៃយ៍កងពលធំលេខ៣ ។

អនុប្រធានអនុគណៈកម្មការបោសសំអាតមីនអចិន្ត្រៃយ៍ កងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ទោ ជូ តុងអាន បានធ្វើការវាយតំលៃ និងកោតសរសើរខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនកងកម្លាំងទាំងអស់ នៅក្នុងបេសកកម្មការងារបោសសំអាតមីនអោយអស់នៅកម្ពុជា ស្របតាមគោលការរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ទទឹមនឹងការកោតសរសើរលោកឧត្តមសេនីយ៍ទោ ជូ តុងអាន ក៏បានធ្វើការណែនាំទៅកាន់កងកម្លាំងបោសសំអាតមីនគ្រប់កង នៅក្រោយវិលត្រឡប់ទៅកាន់អង្គភាពរៀងៗខ្លួនវិញ ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ និងរៀបចំទុកដាក់សំភារៈទាំងអស់ ដែលកងអនុសេនាតូចនិមួយៗ ទទួលបានការឧបត្ថម្ភជូនពីថ្នាក់លើ ជៀសវាងការបាត់បង់ ឬខូចខាតដោយសារការឆកល្វែងយ៉ាងណាមួយកើតឡើងជាយថាហេតុ ។

ជាមួយគ្នានោះ ឯកឧត្ដម ក៏បានរំលឹកទៅដល់បងប្អូនសូមទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា៕