ប្រតិភូក្រសួងការពារជាតិប្រចាំការទិសយោធភូមិភាគទី៤ ត្រួតពិនិត្យសកម្មភាពហ្វឹកហ្វឺន និងការងារប្រឡងប្រណាំងលើកំពស់ជីវភាពកងទ័ពនៅកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ឧត្តមសេនីយ៍ទោ ស៊ិន ស៊ីណាត នាយករងនាយកដ្ឋានផ្គត់ផ្គង់និងជាតំណាង អគ្គនាយក ដ្ឋានភស្តុភាហិរញ្ញវត្ថុក្រសួងការពារជាតិ ប្រចាំការទិសយោធភូមិភាគទី៤ បានដឹកនាំប្រតិភូការិយាល័យទី៤ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគទី៤ អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពហ្វឹកហ្វឺនរៀនសូត្ររៀបរយ និងត្រួតពិនិត្យសកម្មភាពក្នុងការអនុវត្តចលនាប្រឡងប្រណាំងបង្កបង្កើនផលចិញ្ចឹមសត្វ នៅទីតាំងអង្គភាពកងវរសេនាតូចលេខ១ នៃបញ្ហាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីការងារហ្វឹកហ្វឺន ដោយបានបើកវគ្គហ្វឹកហ្វឺននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣  ហើយបានដំណើរការហ្វឹកហ្វឺនរៀនសូត្រអស់រយពេល៣៣ថ្ងៃកន្លងមករួចមកហើយ ដោយផ្តោតសំខាន់លើខ្លឹមសារយុទ្ឋវិធី ខ្លឹមសារលំហាត់ក្បាច់គុនកងយោធពលខេមរភូមិន្ទ និងខ្លឹមសារការងារអប់រំចិត្តសាស្ត្រជូនដល់សិក្ខាកាមដែលត្រូវរៀនសូត្ររយៈពេល៩១ ថ្ងៃ ។

បន្ទាប់មកប្រតិភូបានទស្សនាការសំដែងលំហាត់ក្បាច់គុនកងយោធពលខេមរភូមិន្ទ របស់សិក្ខាកាម និងបានធ្វើការត្រួតពិនិត្យការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់អង្គភាព ដោយអង្គភាពបានដាំបន្លែបង្ការផ្សេងៗសម្រាប់ផ្គត់ផ្គង់ផ្ទះបាយ និងចិញ្ចឹមសត្វគោបានចំនួន៣១ក្បាល សម្រាប់ដោះស្រាយការចំណាយផ្សេងៗក្នុងអង្គភាព និងបានបន្តទៅពិនិត្យផ្ទះហូបបាយ របស់អង្គភាពកងវរសេនាតូចលេខ ១ សម្រាប់រៀបចំអាហារជូនដល់សិក្ខា កាម ដែលកំពុងហ្វឹកហាត់ផងដែរ ។

ឧត្តមសេនីយ៍ទោស៊ិន ស៊ីណាត បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មេបញ្ជាការកងវរសេនាតូចលេខ ១ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅគ្រប់បណ្ដាកងឯកភាពចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារចលនាប្រឡងប្រណាំងលើកស្ទួយជីវភាពកងទ័ព ការងារហ្វឹកហ្វឺន និងការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់អង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ស្របតាមផែនការណែនាំរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលបានដាក់ចេញ ៕