​បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ឈប់​ទុក​សោ​ចោល​នៅ​ម៉ូតូ​ហើយ​ទៅ​បត់ជើងតូច​ត្រូវ​ជន​ឆ្លៀតឱកាស​បន្លំ​ជិះ​ទៅ​បាត់​

0

ភ្នំពេញ ៖ បុរស​ម្នាក់​បានមក​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្ដិ៍នគរបាល​ផ្សារ​ដើម​គ​ថា​ខ្លួន​ត្រូវគេ​លួច​ម៉ូតូ​បាត់ ខណៈដែល​គាត់​ជិះ​ម៉ូតូ​ឈប់​បត់ជើងតូច​នៅក្បែរ​ផ្ទះ​របស់គាត់​ត្រូវ​ជន​ឆ្លៀតឱកាស​បន្លំ​លួច​យកទៅ​បាត់​តែម្ដង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៥៦A តាម​បណ្ដោយ​ផ្លូវ​២០៦ ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​។​

​យោងតាម​ការនិយាយ​រៀបរាប់​ពី​បុរស​ដែល​បាត់​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កុប​ពី ពណ៌ ស មិនសូវ​ចាំ ស្លាក់​លេខ ខាងលើនេះ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​រូបគាត់​ទើបតែ​ត្រឡប់​មកពី​ហូប​អី​ជាមួយ​មិត្ត​ភ័ក្តិ​នៅ​ខាងក្រៅ​រៀង​ស្រវឹង​បន្តិច ហើយ​នៅពេលដែល​រូបគាត់​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ​ខណៈ​មកដល់​មុខផ្ទះ​របស់គាត់​រួច​គាត់​ក៏​ឈប់​ម៉ូតូ​ហើយ​បាន​ដើរ​ចេញពី​ម៉ូតូ​ប្រហែលជា​១០​ម៉ែត្រ​ទៅ​បត់ជើងតូច​នៅក្បែរនោះ​ស្រាប់តែ​ពេលនោះ​មាន​ជនសង្ស័យ​ចំនួន​២​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បានមក​ឈប់​ក្បែរ​ម៉ូតូ​គាត់​ហើយក៏​ឡើង​ជិះ​ម៉ូតូ​គាត់​គេចខ្លួនបាត់​ភ្លាមៗ​តែម្ដង​។

សមត្ថកិច្ច​បានអោយដឹង​ថា បុរស​ខាងលើនេះ​គាត់​ឈ្មោះ វុត្ថា អាយុ​៤០​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​43C ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ហើយ​សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀតថា ចំពោះ​ករណី​ខាងលើនេះ​ជាការ​ធ្វេសប្រហែស​របស់​ម្ចាស់​ម៉ូតូ​ដែល​គាត់​ទៅ​បត់ជើងតូច​ឆ្ងាយ​ពី​ម៉ូតូ​ខ្លួនឯង​ហើយ​ទុក​សោ​ចោល​ជាប់​នៅ​និង​ម៉ូតូ​ថែមទៀត​ធ្វើអោយ​ជន​ឆ្លៀតឱកាស​បន្លំ​លួច​យកទៅ​បាត់​តែម្ដង​។​ ​

ទាក់ទិន​និង​ករណីនេះ​បុរស​ខាងលើ​ក៏ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ដើម​គ​ធ្វើការ​សាកសួរ​ជំហាន​ដំបូង​សិន​ព្រោះថា​គាត់​និយាយ​មិនសូវ​ត្រូវ​ព្រោះ​គាត់​រៀង​ស្រវឹង​ទើប​សមត្ថកិច្ច​ប្រាប់​អោយ​គាត់​ទៅ​សម្រាក​សិន​ចាំ​ស្អែក​ព្រឹក​មក​ដាក់​ពាក្យបណ្ដឹង​តាម​ក្រោយ​៕Image1 Image2