កំពង់ធំៈ ដើម្បីអបអរសាទរ ទទួលពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ ដែលអាជ្ញាធរខេត្តកំពង់ធំ ក៏ដូចជាគ្រប់មន្ទីរជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋ បានប្រារព្វនៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៤ខាងមុខនេះ
ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោក ហុក រិន អភិបាលក្រុងស្ទឹងសែន បានជម្រុញឲ្យប្រជាពលរដ្ឋ និងអង្គភាពគ្រប់ស្ថាប័នចូលរួមរីករាយអបអរសាទរក្នុងពិធីបុណ្យអុំទូកនេះ។
លោក ហុក រិន អភិបាលក្រុងស្ទឹងសែន បានដឹកនាំកម្លាំងចំណុះឲ្យក្រុងស្ទឹងសែន គ្រប់ការិយាល័យ និងអង្គភាពផ្នែកសឹករងក្រុងស្ទឹងសែន ប៉ូលិស ប៉េអ៊ឹម ព្រមទាំងនិសិត្យសកលវិទ្យាល័យក្រុងអង្គរ ចូលរួមសំអាត បរិស្ថាននៅតាមបណ្តោយមាត់ស្ទឹងសែន ចាប់ពីគល់ស្ពានកំពង់ធំ រហូតដល់បរិវេណសាលាខេត្ត ព្រមទាំង សួនច្បារកុមារ រួមមានចំនួន ២៤៤នាក់ ស្រី៥៣នាក់ នៅព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៤ ។
លោក ហុក រិន អភិបាលក្រុងស្ទឹងសែន បានមានប្រសាសន៍ថា ការដឹកនាំកម្លាំងគ្រប់ស្ថាប័ន ឲ្យចូលរួមសំអាតបរិស្ថាននៅតាមមាត់ស្ទឹងសែននេះ គឺត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីថែរក្សានូវអានាម័យ ក៏ដូចជាការ តុបតែងលំអរសួនច្បារតាមបណ្តោយមាត់ស្ទឹងសែន ហើយបានរៀបចំជាស្តង់សម្រាប់ សម្រួលដល់អជីវករ លក់សម្ភារៈម្ហូបអាហារក្នុងពេលរាត្រី នៅតាមមាត់ស្ទឹងសែន ក៏ដូចជាការគោរពតាមគោលនយោបាយ របស់ រាជរដ្ឋាភិបាល
ក្នុងការអនុវត្តន៍ប្រឡងប្រណាំងទីក្រុងស្អាត ជាពិសេសការធ្វើអត្តពលកម្មនាថ្ងៃនេះ គឺជាការ ចូលរួមចំណែកមួយ ក្នុងការត្រៀមអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ ក្នុងនាមជាម្ចាស់ ផ្ទះ គឺត្រូវបានសំអាតកាប់កូនព្រៃតូចៗដែលដុះនៅតាមមាត់ស្ទឹង ដើម្បីឲ្យមានការងាយស្រួលដល់ភ្ញៀវដែល អញ្ជើញមកចូលរួមទស្សនាក្នុងពិធីបុណ្យអុំទូក។
ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ថា ការសំអាតបរិស្ថាននេះទី១គឺចង់ឲ្យកែលំអរ សំអាតនៅក្នុងក្រុងស្ទឹងសែននិងសម្រួលនូវបណ្តាញអគ្គីសនីយ៍ និងប្រព័ន្ឋលូរំដោះទឹក ដោយឡែកបន្ទាប់ពីប្រារព្វបុណ្យអុំទូករួច នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ និងមានកម្លាំង
របស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន១៥០នាក់ រួមទាំងកម្លាំងផ្សេងៗចូលរួមសំអាតបរិស្ថាន ដោយឡែកនៅក្នុងពិធីមានការផ្សាយបន្តផ្ទាល់ ពីទូរទ្សន៍ខ្សែកាបអង្គរ សម្រាប់ជូនដល់បងប្អូនទស្សនា ដែលពុំបានមកផ្ទាល់ និងមានការប្រគមតន្ត្រីរបស់ជនពិការ ក៏ដូច
ការជួយរកមូលនិធិជូនពួកគាត់ និង កាកបាទក្រហម មានល្បែងប្រជាប្រិយផ្សេងៗ ស្តង់លក់ទំនិញ ម្ហូបអាហារ សម្រាប់កំដរនៃពិធីបុណ្យអុំទូក ក្នុងនោះដែរអាជ្ញាធរខេត្ត បានធ្វើសេចក្តីជូនដំណឹងដល់តាមបណ្តាស្រុកក្រុង និងបានផ្សព្វផ្សាយតាមរយះវិទ្យុ ដើម្បីឲ្យបងប្អូនមកចូល រួមសប្បាយក្នុងពិធីបុណ្យអុំទូក។
ដោយ ប៊ុន រដ្ឋា




































