ពិធីមិទ្ធីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣)

0
កំពង់ធំ÷ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សមាជិកក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងឯកឧត្តមលោកជំទាវ លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត កងប្រដាប់អាវុធទាំងបី និងមន្ត្រីរាជការជាច្រើននាក់ បានអញ្ជើញចូលរួម អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ស្ថិតនៅភោជនីយដ្ឋាន ឡូវគឹមសេង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត គឺជាបុព្វការីដ៏មានគុណបំផុត។ ព្រោះថារណសិរ្សនេះហើយដែលនាំមកនូវមហាជ័យជំនះ ៧មករា ដែលបានសង្គ្រោះជីវិត ប្រជាជនកម្ពុជាឱ្យឱ្យរួចផុតពីសេចក្ដីស្លាប់ និងបានរស់នៅក្នុងកិត្តិយស សេចក្ដីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើន សម្បូរសប្បាយ និងសិទ្ធិសេរីភាពយ៉ាងទូលំទូលាយ ប្រកបដោយសេចក្តីសង្ឃឹម និងភាពញញឹមស្រស់ស្រាយគ្រប់ពេល និងគ្រប់ទីកន្លែង។

ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី មានប្រសាសន៍បន្តទៀតថា ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះបុព្វការី និងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺចងចាំជានិច្ចដោយចាត់ទុក រណសិរ្ស២ធ្នូ គឺជាបុព្វការីដ៏មានគុណបំផុតរបស់យើងទាំង អស់គ្នា។ រួមរស់ក្រោមទង់បក្ស រាជរដ្ឋាភិបាល និងរណសិរ្ស ដើម្បីថែរក្សា ការពារ សុខសន្តិភាព និងការអភិវឌ្ឍន៍របស់សង្គមជាតិ។ រក្សាឧត្តមគតិស្នេហាជាតិ និងការបង្រួបបង្រួមជាតិរបស់អគ្គស្ថាបនិករណសិរ្ស២ធ្នូ។ ជំរុញបង្កើនសមាជិក សមាជិការណសិរ្ស និងបំផុសចលនាមហាជនឱ្យគាំទ្រ គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវ លើកកំពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីភាព ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សាភ្ជាប់ជាមួយប្រជាជន បម្រើប្រជាជនឱ្យអស់កំលាំងកាយចិត្ត។ បំផុសចលនាសមាជិក សមាជិការណសិរ្ស ទប់ស្កាត់ឱ្យបានដាច់ខាតនូវរាល់សកម្មភាព ទាំងឡាយ ដែលនាំឱ្យបាត់បង់សុខសន្តិភាព និងការអភិវឌ្ឍ។ ពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អ ជាមួយបណ្តា ប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក ។ គោរព និងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ គាំទ្រ និងរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុម ញឹប