អភិបាលស្រុកស្ទោង អញ្ជើញបិទព្រឹត្តិការណ៍ប្រឡងចម្រៀងអបអរសាទរទិវាជ័យជំនះ ០៧មករា ខួបលើកទី ៤៥

0

(កំពង់ធំ)÷ នៅរាត្រីថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោកស្រីព្រមទាំងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ប្រឡងចម្រៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាជ័យជំនេះ ០៧មករា ១៩៧៩ _០៧ មករា ២០២៤ លើរបបអាវខ្មៅ ប៉ុល ពត ដែលប្រព្រឹត្តទៅនៅផ្សារមរតកស្រុកស្ទោង ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីដ៏វិសេសវិសាលនេះលោក សាយ គឹមឡម បានបញ្ជាក់បន្ថែមថា កម្មវិធីនេះមិនត្រឹមតែអបអរសាទរទិវាជ័យជំនះ ៧មករា ក្រោមម្លប់សន្តិភាពប៉ុណ្ណោះទេគឺថែមទាំងបានបង្កនូវការកម្សាន្តសប្បាយរីករាយជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានកម្សាន្តសប្បាយក្រោមម្លប់សន្តិភាពដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក ជាពិសេសការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៧ ធ្វើឱ្យព្រះជាណាចក្រកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ហើយតម្លៃនៃសុខសន្តិភាព និងទិវាជ័យជំនះ៧មករា ជាតម្លៃសច្ចភាពដែលមិនអាចបំភ្លៃបាន។

ជាមួយគ្នានេះ លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់សប្បុរសជនដែលបានឧបត្ថម្ភគាំទ្រទាំងសម្ភារ ថវិកា ជាពិសេសលោក កុក វិទូ អគ្គនាយក ផ្សារមរតកស្រុកស្ទោង ដែលបានផ្តលទីតាំងនិងថវិកាសម្រាប់ដំណើរការប្ររព្ធពិធីនេះរហូតដល់ចប់។

គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងនេះមានរយៈពេល៣ ថ្ងៃ គឺនៅថ្ងៃទី០៧ ០៨ ០៩ ខែមករា ឆ្នាំ ២០២៤ ដែលជាលទ្ធផល គណៈកម្មការសម្រេចយកបេក្ខជនជ័យលាភីចំនួន ៣រូបគឺ ពីលេខ១ដល់លេខ៣ ហើយជ័យលាភីលេខ១បានទៅលើ បេក្ខនារី ជាតិ  សារ៉ាំ ទទួលបានថវិកា៧០ម៉ឺនរៀល លេខ២បានទៅលើបេក្ខជន ច័ន្ទ ធឿន ទទួលបានថវិកា៦០ ម៉ឺនរៀល  និងជ័យលាភីលេខ ៣បានទៅលើបេក្ខនារី  ពៅ ទេវា ទទួលបានថវិកា៥០ម៉ឺនរៀលផងដែរ។ អត្ថបទលោក ឆុន ឆេងក្រឹម-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។