រដ្ឋបាលខេត្តស្វាយរៀងបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤

0

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២២០២៤នេះ ឯកឧត្តមជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង។
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានថ្លែងថាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង ប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលល្អ ជាពិសេសបានរកឃើញនូវបញ្ហាប្រឈម និងធាតុចូលសំខាន់ៗ ដើម្បីដាក់ចេញនូវទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំបន្ទាប់ផងដែរ។
លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងមានសមត្ថកិច្ច និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលនានាដូចជា ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកជំទាវបន្តថា ក្រសួងស្ថាប័ន និងរដ្ឋបាលគ្រប់ថ្នាក់សម្រេចបានកន្លងមកនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងកម្មវិធីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល សម្រាប់និតិកាលទី៦ នៃរដ្ឋសភា និងការចាប់ផ្តើមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់និតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិឱ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទន្ទឹមនេះលោកជំទាវបានផ្តល់នូវគោលការណ៍អាទិភាពសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ត្រូវចូលរួមការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិឱ្យបានរឹងមាំ, រក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុង, ជំរុញចលនាការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ,បន្តទប់ស្កាត់និងបង្ក្រាបបទល្មើសនានា,ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក,ពង្រឹងនិងលោកកម្ពស់ការគ្របគ្រងពន្ធនាគារ,លេីកកំពស់ការផ្តល់សេវាសាធារណៈ,ពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ,ពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងខេត្ត,ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ព្រំដែន,ការគ្រប់គ្រងធនធានធម្មជាតិ ការចុះបញ្ជីដីធ្លី,ការចូលរួមអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦របស់រាជរដ្ឋាភិបាល និងការពង្រឹងសាមគ្គីភាព និងរបៀបរបបធ្វើការងារផងដែរ៕ដោយ គឹមសេង