អភិបាលខេត្តកំពង់ចាម ចុះសិក្សាជាមួយក្រសួងធនធានទឹក ដេីម្បីពិនិត្យលទ្ធភាពជួសជុលច្រាំងទន្លេមេគង្គប្រវែងជាង១.០០០ម៉ែត្រ

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសិក្សាជាមួយក្រសួងធនធានទឹក និងឧតុនិយម ដេីម្បីពិនិត្យលទ្ធភាពជួសជុលច្រាំងទន្លេមេគង្គប្រវែងជាង១.០០០ម៉ែត្រ បណ្តាលឱ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណជា ៤០គ្រួសារ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងឃុំចំនួន៤ នៃស្រុកស្ទឹងត្រង់ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ឃុំដែលរងផលប៉ះពាល់ដោយសារបាក់ច្រាំងទន្លេនេះ មានដូចជា ៖ ឃុំព្រែកកក់ ឃុំពាមកោះស្នា ឃុំព្រះអណ្ដូង និងឃុំខ្ពបតាងួន ដែលសរុបប្រវែងច្រាំងទន្លេបាក់ស្រុតនោះ ប្រមាណជាង ១,០០០ ម៉ែត្រ ក្នុងនោះ ឃុំដែលរងការខូចខាតធ្ងន់ធ្ងរ គឺឃុំព្រែកកក់ ដែលអាចប្រឈមនឹងការកាត់ផ្តាច់ផ្លូវបេតុង ធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិមិនអាចធ្វើដំណើរបាន ។

ដោយឡែកនៅក្នុងឃុំព្រះអណ្ដូង បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដែរ ប្រវែងប្រហែលជា ១០០ ម៉ែត្រ និងឃុំ ខ្ពបតាងួន ប្រវែងជាង ១០០ម៉ែត្រផងដែរ ដែលអាចប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងផ្លូវបេតុងផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា ក្រុមការងារដែលបានចុះពិនិត្យស្ថានភាពបាក់ច្រាំងទន្លេនោះ មានអាជ្ញាធរខេត្ត និងលោកអគ្គនាយកបច្ចេកទេស តំណាងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការសិក្សាលើបញ្ហានោះ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសុំគោលការណ៍ ពីលោករដ្ឋមន្ត្រីក្រសួងធនធានទឹក ពិនិត្យមើលលទ្ធភាព នៃការជួសជុល ស្ដារឡើងវិញច្រាំងដែលបានបាក់នោះជាបន្ទាន់តែម្តង ៕