ខេត្តព្រះវិហារ៖ ប្រធានក្រុមការងារ ចុះជួយស្រុកជ័យសែន លោក កង សៅគុណ បានដឹកនាំក្រុមការងារ រួមនឹងរដ្ឋបាលស្រុកជ័យសែន ប្រារព្ធមីទ្ទីញអបអរសាទរខួបលើកទី៤៥ ទិវាជ័យជំនះ ៧មករា១៩៧៩-៧មករាឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ខេត្ត រហូតដល់មូលដ្ឋាន កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋសរុបជាង ៥០០នាក់ នៅថ្ងៃទី១៦មករា២០២៤ នៅស្រុកជ័យសែន ខេត្តព្រះវិហារ។
ប្រធានក្រុមការងារចុះជួយស្រុកជ័យសែន លោក កង សៅគុណ បានថ្លែង រំលឹកពីគុណបំណាច់ថ្ងៃ៧មករា ដែលបានរំដោះជីវិតប្រជាជន និងប្រទេសកម្ពុជា អោយរួចចាកផុតពីរបបក្អែកខ្មៅប៉ុលពត ដែលបានកាន់កាប់អំណាចបានត្រឹមតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយរបបនេះបានដួលរលំក្រោមទង់រណសិរ្សសង្គ្រោះជាតិកម្ពុជា និងលោកបានថ្លែង ចាត់ទុកថ្ងៃ ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ទាំងមូល ហើយក្រុមប្រឆាំងផ្កាប់មុខមួយចំនួន តែងតែបំផុសអោយប្រជាពលរដ្ឋបំភ្លេចចោលថ្ងៃ ៧មករា ថែមទៀតផង ដែលទង្វើរបស់ក្រុមប្រឆាំងទាំងនោះ គឺជាទង្វើរមិលគុណសុទ្ធសាធ។
លោក កង សៅគុណ បានបន្តថ្លែង រំលឹកពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានក្តោបក្តាប់អំណាចអស់រយៈពេល ៣ឆ្នាំ ៨ ខែ និង២០ថ្ងៃ គឺជារបបវាលពិឃាត ឃោឃៅព្រៃផ្សៃ គឺជាគុកឥតជញ្ជាំង បង្អត់អាហារ និងការបង្ខំប្រជាជនអោយធ្វើការលើសកម្លាំង ក្រោមការឃ្លាំមើលពីអង្គការចាត់តាំង និងបានសម្លាប់រង្គាលប្រជាជនអស់រាប់លាននាក់។ ដូច្នេះ យើងត្រូវរួមគ្នាទប់ស្កាត់របបនេះ កុំអោយកើតឡើងជាថ្មី បានអោយសោះ នៅលើទឹកដីកម្ពុជា ។
លោក កង សៅគុណ ក៏បានរំលឹក ពីគំរូវីរភាពដ៏អង់អាចក្លាហាន ដោយហ៊ានយកអាយុជីវិតធ្វើជាដើមទុន ក្នុងការរំដោះប្រទេស និងប្រជាជនកម្ពុជា ចាកចេញពីរបបកាប់សម្លាប់ប៉ុលពត ពីសំណាក់ឥស្សរជនជាន់ខ្ពស់របស់ គណបក្សប្រជាជនកម្ពុជា មានសម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន រួមទាំងឥស្សរជនឆ្នើមៗជាច្រើនទៀត ដែលបានដឹកនាំប្រទេសជាតិ អោយទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ ធ្វើអោយមានការរីកចម្រើន រហូតមកទល់សព្វថ្ងៃ ក៏ដោយសារមានថ្ងៃ ៧មករា ដែលជាថ្ងៃកំណើតទី២ របស់យើងនេះ។
ប្រធានក្រុមការងារចុះជួយស្រុកជ័យសែន លោក កង សៅគុណ បានអំពាវនាវដល់ប្រជាពលរដ្ឋ អោយចងចាំទុកជាប់ក្នុងចិត្តជានិច្ច ថ្ងៃ៧មករា និងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងរកបានមកដោយកម្រនេះ អោយបានស្ថិតស្ថេរគង់វង្ស ហើយត្រូវបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចឥស្សរជនសំខាន់ៗជាច្រើនទៀត របស់គណបក្សប្រជាជនកម្ពុជា ផងដែរ៕ដោយ៖ឡុង សំបូរ